៨ចំណុចអ្នកត្រូវ ធ្វើក្នុងថ្ងៃដំបូងនៃ ការចាប់ផ្តើមការងារថ្មី

៨ចំណុចអ្នកត្រូវ ធ្វើក្នុងថ្ងៃដំបូងនៃ ការចាប់ផ្តើមការងារថ្មី

Print PDF

ថ្ងៃចាប់ផ្តើមការងារ ដំបូងរបស់អ្នក នៅក្នុងការិយាល័យថ្មីមួយ តែងកើតមានជាមួយ នឹងអារម្មណ៍ ជាច្រើននូវ ភាពថប់បារម្ភ និង ការភ័យខ្លាច។ ជា ដំបូង អ្នកត្រូវផ្សាំខ្លួនអ្នក ទៅនឹងកន្លែងថ្មីនេះ ដោយការ ជួបនឹងណែនាំខ្លួន ជាមួយនឹង មនុស្សដែលអ្នកមិន ដែលស្គាល់ពីមុនមក និង ត្រូវប្រាកដផង ដែរថា អ្នកបានរៀបចំឥរិយាបថ ឬកពាសមរម្យ ដូច្នេះអ្នកនឹងតែងតែ ស្ថិតនៅក្នុង កំណត់ត្រាល្អ របស់ថ្នាក់ ដឹកនាំជាន់ខ្ពស់ របស់អ្នកជាមិនខាន។ ការសម្តែងចេញ ឲ្យបានល្អ នៅក្នុងថ្ងៃចាប់ផ្តើម ការងារដំបូង គឺជា ចំណុចសំខាន់បំផុត ប្រសិនបើអ្នកត្រូវ បង្កើតទីតាំងមួយ សម្រាប់ខ្លួនអ្នក នៅក្នុង ការិយាល័យថ្មីនេះ ។ ដូច្នេះ តើអ្នកត្រូវធ្វើដូចម្តេចខ្លះ ? សូមបន្តអានចំណុចដូចខាងក្រោមនេះ ដើម្បីទទួលបាននូវ គន្លឹះសំខាន់ ៗ ដែលអាចឲ្យអ្នក ជោគជ័យបាន នៅក្នុងអាជីពការងារថ្មីរបស់អ្នកនេះ ៖

១. លាក់បាំងនូវ ភាពភ័យខ្លាចរបស់អ្នក

ចំណុចដំបូង និង ជាគោលសំខាន់ ដែលអ្នកត្រូវធ្វើ នៅក្នុងថ្ងៃដំបូងនេះគឺ ត្រូវលាក់បាំងនូវ អារម្មណ៍នៃ ការភ័យខ្លាចរបស់អ្នក។ នៅពេលដែល អ្នក សម្តែងនូវអារម្មណ៍នេះ នោះអ្នកនឹងហាក់ទៅជា វង្វេងស្មារតី ហើយវាអាចនឹងធ្វើឲ្យ មនុស្សដែលកំពុងប្រាស្រ័យទាក់ទងជាមួយអ្នក វាយតម្លៃ អ្នកខុស។ ដូច្នេះ មិនថាពេល ណាក៏ដោយ ដែលអ្នកត្រូវបោះជំហាន ទៅក្នុងការិយាល័យថ្មី នៅក្នុងថ្ងៃដំបូងនេះ នោះអ្នកត្រូវតែប្រាកដ ច្បាស់ ក្នុង ចិត្តថា អ្នកបានលាក់បាំងបាននូវ ភាពភិតភ័យ និង រាល់ការបារម្ភផ្សេងៗ នេះហើយ ។

២. តែងតែរក្សានូវស្នាមញញឹម

វិធីមួយដ៏ល្អប្រសើរបំផុត ដើម្បីបិទបាំងនូវការភ័យខ្លាចរបស់អ្នក និង សម្តែងថាខ្លួនអ្នកជា មនុស្សដែល មានប្រជាប្រិយភាព គឺការរក្សានូវ ស្នាម ញញឹម នៅលើផ្ទៃមុខ ជានិច្ច។ អ្នកក៏ត្រូវកំណត់បាន ផងដែរថា ស្នាមញញឹមនេះ គឺសាកសម និង មិនមែនគ្រាន់តែជាការសម្តែងចេញនោះទេ។ នៅពេលដែលអ្នក ញញឹម អ្នកត្រូវបានគេសន្មត់ថា អ្នកជាមនុស្សដែលមានភាពរីករាយ ហើយមនុស្សដែលនៅជុំវិញខ្លួន អ្នកនឹងសំដៅ មករាប់ អានអ្នកជាមិត្ត ។វាជាកក្តាដែល នឹងធ្វើឲ្យអ្នកមាន ផាសុកទៅនឹងមជ្ឈដ្ឋានថ្មី មួយនេះ។

៣. ត្រូវចេះសម្តែងនូវការចាប់អារម្មណ៍

ថ្ងៃដំបូងរបស់អ្នក នៅក្នុងការិយាល័យថ្មី អាចនឹងរួមមាននូវ វគ្គហ្វឹកហាត់ការងារ ឬ ការណែនាំការងារ និង ទំនួលខុសត្រូវដែល អ្នកត្រូវទទួលបន្ទុក ពីមិត្តរួមការងារថ្មីរបស់អ្នក។ ពួកគេ អាចនឹងណែនាំអ្នក ទៅកាន់ សមាជិកនៃ ក្រុមការងារថ្មីរបស់អ្នក។ នៅពេលដែលមានដំណើរការនេះ កើត ឡើង នោះអ្នក ត្រូវតែប្រាកដថា ខ្លួនអ្នកបានសម្តែងនូវចំណាប់អារម្មណ៍ របស់អ្នកចំពោះពួកគេ។ ប្រសិនបើអ្នកមាន អារម្មណ៍ថាងងុយគេង នៅ ក្នុងអំឡុងពេលនៃការហ្វឹកហាត់ការងារ ឬ បង្ហាញថា ខ្លួនអ្នកធុញទ្រាំ នឹងការ ជួបនឹងមនុស្សថ្មីៗ នោះអ្នកអាចនឹង បង្កើតនូវចំណាប់ អារម្មណ៍មិន ល្អមួយ ពីសំណាក់មិត្តរួមអាជីពថ្មី នៅក្នុងថ្ងៃដំបូងនៃការងារថ្មី នេះ។

៤. ត្រូវស្លៀកសំលៀកបំពាក់ឲ្យបានសមរម្យ

នៅក្នុងថ្ងៃដំបូង នៅក្នុងការិយាល័យថ្មីនេះ នោះអ្នកនឹងត្រូវស្វែងយល់នូវ បទពិសោធន៍ថ្មីៗ និង មនុស្សនៅជុំវិញខ្លួន ដែលអ្នកមិន ដែលស្គាល់ ពីមុនមក។ ប្រការនេះ នឹងធ្វើឲ្យអ្នក មានអារម្មណ៍ ភ័យខ្លាច ឬ បាត់បង់ភាពជឿជាក់លើខ្លួនឯង។ លើសពីនេះទៅទៀត ប្រសិនបើអ្នក ស្លៀក នូវសំលៀក បំពាក់ ដែលមិនបានផ្តល់នូវផាសុកភាព ឬ លេចធ្លោខ្លាំងពេក នោះវានឹងធ្វើឲ្យអ្នកមានអារម្មណ៍ ប្រុង ប្រយ័ត្នគ្រប់ពេលទាំងអស់ ។

៥. ព្យាយាមចងចាំឈ្មោះ

វាប្រាកដជាពិបាក ក្នុងការចងចាំឈ្មោះថ្មីៗ ដោយការទន្ទេញ។ ប៉ុន្តែ នៅពេលដែលអ្នកត្រូវបានណែ នាំខ្លួនទៅកាន់ នរណាម្នាក់ នៅក្នុងបន្ទប់ ការិយាល័យ ថ្មីនេះ នោះអ្នកគប្បីព្យាយាមចងចាំ នូវឈ្មោះរបស់ពួកគេផងដែរ។ អ្នកអាចសាកល្បង ហៅឈ្មោះគេ នៅក្នុងអំឡុងពេល នៃម៉ោង សម្រាកអាហារថ្ងៃត្រង់ និង សុំទោសពួកគេ ប្រសិនបើអ្នកបានភ្លេចឈ្មោះរបស់ពួកគេ ។ បន្ទាប់មក នៅពេលដែលពួកគេ បាន ប្រាប់ឈ្មោះជាថ្មី ម្តងទៀតមកកាន់អ្នក នោះអ្នកត្រូវព្យាយាមថាតាមឡើងវិញ ឲ្យបានច្រើនដង។ នៅ ពេលដែលអ្នក ពិតជាបានព្យាយាម ចងចាំនូវឈ្មោះ របស់មិត្ត រួមការងារថ្មីអ្នក នោះពួកគេនឹង ពេញចិត្ត នូវកាយវិការទាំងនេះ ហើយពួកគេនឹងរីករាយ ក្នុងការចងមិត្តជាមួយនឹងអ្នក ។

៦.ត្រូវនិយាយតែពេលណា ដែលចាំបាច់

នៅក្នុងថ្ងៃដំបូងបំផុត នៅក្នុងបន្ទប់ការិយាល័យថ្មីនេះ វាជាការប្រសើរ ក្នុងការបិទមាត់ និង រង់ចាំស្តាប់ នូវអ្វីៗ ដែលអ្នកដទៃត្រូវនិយាយ។ អ្នកមិន ត្រូវចាប់ផ្តើមការសន្ទនា ដែលឥតប្រយោជន៍ និង រំខានដល់ មនុស្សដែលនៅជុំវិញខ្លួននោះទេ។ អ្នកក៏ត្រូវប្រាកដផងដែរ ថាខ្លួនអ្នកមិនបាន បង្ហាញ នូវ ព័ត៌មានរបស់ ខ្លួនឯងច្រើនពេក នៅក្នុងថ្ងៃដំបូងនេះដែរ តាមដែលវាអាចនឹងបង្កបញ្ហាដល់អ្នក ប្រសិនបើវា ត្រូវបានលឺ ទៅ ដល់មនុស្សដែល មិនគួរដឹង ។

៧. ជៀសវាងនូវការអួតសសើរពីខ្លួនឯង

នៅពេលដែលអ្នក ត្រូវបានស្នើរសុំឲ្យមានបញ្ចេញយោបល់ នោះអ្នកត្រូវផ្តល់ព័ត៌មានឲ្យ បានច្រើនទៅតាមតម្រូវការ ដែលចាំបាច់។ ជៀសវាងនូវ ការអួតសសើរពីខ្លួនឯង និង សមិទ្ធិផលដែល អ្នកសម្រេចបាន។ អ្នកអាចនឹងធ្លាប់បាន មេដាយមាស នៅសាលារៀន ប៉ុន្តែវានឹងមិនមាន ទំនាក់ ទំនងអ្វី នៅក្នុងការិយាល័យការងារ ថ្មីរបស់អ្នកនេះទេ។ គ្មាននរណាម្នាក់ចាប់អារម្មណ៍ ចង់ដឹងថាអ្នកជានរណា ឲ្យប្រាកដនោះទេ ជាពិសេស សម្រាប់ថ្ងៃដំបូងនេះ ។ នៅពេលដែលពួកគេ បានស្គាល់អ្នក កាន់តែច្បាស់ នោះគេនឹងចាប់អារម្មណ៍នឹងសុខទុក្ខរបស់អ្នក ដូច្នេះ អ្នកគប្បីត្រូវ រង់ចាំដល់ថ្ងៃនោះ។

៨. ធ្វើនូវកិច្ចការអ្វី ដែលអ្នកត្រូវបានចាត់តាំង

ភាគច្រើន នៅក្នុងថ្ងៃដំបូងនៃការងារថ្មីរបស់អ្នក នោះអ្នកនឹងមិនត្រូវរំពឹងថា ធ្វើការងារច្រើនពេក នោះទេ ។ មិនថាមានរឿងអ្វីកើតឡើងទេ អ្នកត្រូវ បញ្ចប់កិច្ចការ ដែលអ្នកត្រូវបានចាត់តាំង ឲ្យទទួល បន្ទុកមុនពេល ដែលអ្នកអាចឈប់សម្រាកបាន។ ប្រសិនបើអ្នកមិនបញ្ចប់វា ឬ ពន្យាពេលធ្វើ ការងារ ទាំងនោះ នោះវានឹងបង្កើតនូវអារម្មណ៍មិនល្អ និង ប៉ះពាល់ដល់ការយល់ឃើញរបស់អ្នក ដទៃ ចំពោះខ្លួនអ្នក ៕

www.lookingtoday.com

បញ្ចេញមតិ

វិធីកែទម្លាប់កុមារ

នរណាៗ​ក៏មាន​ទម្លាប់​ដែរ គ្រាន់តែ​អ្នកខ្លះ​មាន​ទម្លាប់​ល្អ និង​អ្នកខ្លះ​ទៀត​មាន​ទម្លាប់​អាក្រក់​តែ​ប៉ុណ្ណោះ។ ទម្លាប់​ល្អ​នាំមក​នូវភាព​ជោគជ័យ ទម្លាប់​អាក្រក់​នាំមក​នូវភាព​បរាជ័យ។ សុភាសិត​​ខ្មែរ​បាន​ពោល​ថា “ពត់​ឈើ​ទាន់​នៅ​ខ្ចី ​ប្រដៅ​ជន​ប្រុសស្រី​ទាន់​នៅ​ក្មេង” ឬ “ដំដែក​ទាន់​នៅក្ដៅ ប្រដៅ​មនុស្ស​ទាន់​នៅក្មេង”។ ហេតុនេះ ការ​អប់រំ​កូន​ឱ្យមាន​ទម្លាប់​ល្អ ឪពុក​ម្ដាយ​គ្រប់​រូប​ត្រូវ​ទូន្មានណែ  នាំ​កូន​តាំង​ពី​កូន​នៅ​តូច​ មិនមែន​ចាំ​កូន​ធំ​ពេញវ័យ​ទើប​លោកអ្នក​ទូន្មាន​ នោះទេ។

អ្វីទៅ​ហៅថា ទម្លាប់?

ទម្លាប់ គឺជា​អំពើ​ឆន្ទៈ ឬ​សកម្មភាព​ថ្នឹក​មួយ​ដែល​កើត​ជា​ស្វ័យ​ប្រវត្ដិ​មិន​ប្រែប្រួល​ហើយ​កុមារ​ ដូចគ្នា​នឹង​មនុស្សធំ​ដែរ ដែល​តែងតែ​ប្រព្រឹត្ដ​អំពើ ឬ​សកម្មភាព​ទាំង​អស់​នោះ​នៅក្នុង​ជីវភាព​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ ពួកគេ។

តើទម្លាប់មានប៉ុន្មានប្រភេទ?

នៅក្នុង​សង្គម ទម្លាប់​ត្រូវបាន​គេចែក​ចេញ​ជា២គឺ ៖

  • ទម្លាប់​វិជ្ជមាន ​(ទម្លាប់​ល្អ) ៖ សំដៅ​ទៅ​លើ​កុមារ​ចូលចិត្ដ​តែ​ប្រព្រឹត្ដ​អំពើល្អ មោះមុត​ជាមួយ​សកម្មភាព​រហ័ស​រហួន​នៅ​ក្នុង​ជីវិត​រស់​នៅ​ប្រចាំថ្ងៃ ហើយ​ទម្លាប់​ល្អនេះ​នាំឱ្យ​ទទួល​បាន​នូវភាព​ជោគជ័យ និង​បង្កើន​កេរ្ដិ៍​ឈ្មោះ។
  • ទម្លាប់​អវិជ្ជមាន​ (ទម្លាប់​មិនល្អ) ៖ សំដៅ​ទៅលើ​កុមារ​មាន​ភាព​ខ្ជិល​ច្រអូស ចូលចិត្ដ​តែ​អ្វី​ដែល​ផ្ទុយពី​សង្គម​ឱ្យ​តម្លៃ​មិនមាន​​សកម្មភាព​រហ័ស​រហួន​ នៅក្នុង​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ។

កត្ដា​ដែល​នាំឱ្យ​កុមារ​មាន​ទម្លាប់​មិនល្អ

កុមារ​ប្រៀប​ដូចជា​ក្រដាសស​​មួយ​សន្លឹក​ ដែល​រង់ចាំ​តែការ​គូសវាស ​នៅលើ​ក្រដាស​ពី​មជ្ឈដ្ឋាន​ខាង​ក្រៅ។ អាណា​ព្យាបាល​គ្រប់​រូប​រមែង​តែង​មាន​ចម្ងល់​ថា ហេតុអី​បាន​ជា​កូន​មាន​ទម្លាប់​មិន​ល្អ​បែប​នេះ ឬ​កូន​មាន​ទម្លាប់​ល្អ​បែប​នោះ។ ដូចនេះ​ឪពុក​ម្ដាយ ឬ​អ្នក​ដែល​នៅ​ជុំវិញ​កុមារ​ត្រូវ​ដឹង​ថា ប្រសិន​បើ​យើង​គូស​រូបភាព​អ្វី​មួយ​នៅ​លើ​ក្រដាស​ស ​ក្រដាស​សនោះ​នឹង​ដិត​ជាប់​នូវ​រូបភាព​នោះ។ មាន​ន័យថា យើង​ជា​ឪពុក​ម្ដាយ យើង​ជា​គ្រូប​ង្រៀន យើង​ជា​សង្គម យើង​ជា​អ្នក​ដែល​នៅ​ក្បែរ​កុមារ បើសិន​ជា​យើង​គូស រូប​យក្ស កុមារ​នឹង​ក្លាយ​ទៅជា​យក្ស។ បើ​យើង​គូស​រូប​ជា​ចោរ កុមារ​នឹង​ក្លាយ​ទៅជា​ចោរ។ បើគូស​ជារូប​អ្នកមាន​គតិ​បណ្ឌិត កុមារ​នឹង​ក្លាយ​ជា​កំពូល​បញ្ញវន្ដ បើ​គូស​កុមារ​ម្នាក់​ដែល​មាន​ទម្លាប់​មិនល្អ កុមារ​នឹង​ក្លាយ​ទៅ​ក្មេង​មាន​ទម្លាប់​មិនល្អ។ នេះជា​ទម្លាប់​របស់ កុមារ​ដែលរង់​ចាំតែ​ការអនុវត្ដ​តាម​រូបភាព​ដែល​ចង្អុល​ប្រាប់។ ម្យ៉ាងទៀត​កុមារ​មាន​ទម្លាប់​មិនល្អ​គឺ​ដោយសារ​បញ្ហា​ចរិត​លក្ខណៈ​នៅ ក្នុង​ខ្លួន​មាន​រួចជា​ស្រេច តាំង​ពីកុមារ​ចាប់បង្ក​កំណើត​នៅក្នុង​ផ្ទៃ​ដែល​អាណា​ព្យាបាល​ជាអ្នក​ផ្ដល់​ ឱ្យកូន ហើយ​រង់​ចាំតែ​កើត​មក កុមារ​នឹងមាន​សារធាតុ​ទម្លាប់​ដែលម្ដាយ​ផ្ដល់ឱ្យ។ មាន​ន័យថាស្ដ្រី​ជាម្ដាយ​នៅពេល​ដែល​មាន​ផ្ទៃពោះ​តែងតែ​ខ្ជិល​ច្រអូស​មាន​ ទម្លាប់​មិនល្អ ។ ភាព​​ខ្ជិល​​ច្រអូស​​ទម្លាប់​​មិនល្អ​​នេះ វា​បណ្ដាល​ឱ្យ​កូន​នៅ​ក្នុង​ផ្ទៃ​មាន​សភាព​ដូច​ម្ដាយ​ដែរ នៅ​ពេល​ដែល​កូន​កើត​មក។

វិធី​សាស្ដ្រ​កែប្រែ​កុមារ​មាន​ទម្លាប់​មិនល្អ

កូន​ដែល​មាន​ទម្លាប់​មិនល្អ ពិតជា​ធ្វើឱ្យ​អ្នក​ចិញ្ចឹម​បីបាច់​ថែរក្សា​មាន​ការ​មិន​សប្បាយ​ចិត្ដ។ ហេតុនេះ ​ឪពុក​ម្ដាយ​មិនគួរ​បណ្ដោយ​កូន ​ឱ្យ​នៅ​មាន​ទម្លាប់​មិនល្អ​បែប​នេះ​ត​ទៅទៀត​ ឡើយ។ ទោះបី​ជាការ​ផ្លាស់ប្ដូរ​ទម្លាប់​កូន​ដោយ​សង្ឃឹម​មាន​ប្រសិទ្ធ​ភាព​តិចក៏​ ដោយ ឪពុក​ម្ដាយ​ចាំបាច់​ត្រូវតែ​អប់រំ​ទូន្មាន​កូន ប្រាប់​កូន​ពី​ចរិត​លក្ខណៈ​មិនល្អ ឱ្យ​ប្ដូរ​ឥរិយាបថ​ដែល​អ្នក​ដទៃ​ពិបាក​មើល។ ប្រការ​ដែល​សំខាន់អ្នក​ដែល​នៅ​ក្បែរ​កុមារ​មុននឹង​ប្រើ​វិធីសាស្ដ្រ​កែ​ ទម្លាប់​កុមារ ចាំបាច់​ត្រូវតែ​ធ្វើ​ខ្លួនឯង​ឱ្យមាន​ទម្លាប់​ល្អដើម្បី​ជា​គំរូ​ទៅដល់​ កុមារ​ជា​មុន​សិន។ ឧទាហរណ៍ ឪពុក​ម្ដាយ​ដែលមាន​ភាព​ខ្ជិល​ច្រអូស​ចូលចិត្ដ​និយាយ​ដើមគេ ចូលចិត្ដ​ប្រើពាក្យ​សម្ដី្ដ​គំរោះ​គំរើយ ​ត្រូវផ្លាស់​ប្ដូរ​ទង្វើ​អាក្រក់​ទាំងអស់​នេះ​ចោល ប្រសិន​បើចង់​ឱ្យ​កូនមាន​ទម្លាប់​ល្អ ចង់ឱ្យ​អ្នកដទៃ​ស្រឡាញ់​សរសើរ​ដល់​កូន។ ព្រោះ​ការ​រីក​លូតលាស់​ខាងផ្នែក​ទម្លាប់​របស់​កុមារ គឺ​តាមរយៈ​នៃ​ការ​ធ្វើ​ត្រាប់​តាម​មនុស្ស​ធំ។ ហេតុ​នេះ​ឪពុក​ម្ដាយ គ្រូ​បង្រៀន ឬ​អ្នក​ដែល​នៅ ជុំវិញ​ខ្លួន​កុមារ ត្រូវ​ធ្វើខ្លួន​ឱ្យមាន​ទម្លាប់​ល្អជា​មុន​សិន ដើម្បី​ឱ្យ​កុមារ​ធ្វើ​ត្រាប់​តាម។

វិធីបង្ការទម្លាប់មិនល្អរបស់កុមារ

ដើម្បី​ឱ្យកុមារ​មាន​ទម្លាប់​ល្អ មាន​សីលធម៌​ល្អ មាន​បញ្ញា មាន​សកម្មភាព​រហ័ស​រហួន អាណា​ព្យាបាល​គ្រប់រូប​ត្រូវគិត​គូរ​តាំងពី​កុមារ​ចាប់​បង្ក​កំណើត​នៅក្នុង​ ផ្ទៃ ដើម្បី​បង្ការ​កូន​កើត​មក​មាន​ទម្លាប់​មិនល្អ ពាលា​អាវា​សែ ខ្ជិល​ច្រអូស​ជា​ដើម។ ដូច​នេះ ស្ដ្រី​នៅពេល​ដែលមាន​ផ្ទៃពោះ ត្រូវ​ត្រៀមខ្លួន​ធ្វើ​កិច្ចការ​ណា​ដែល​អាចធ្វើ​បាន​ដោយ​សកម្មភាព​រហ័សរ​ហួន ទទួល​របប​ចំណី​អាហារ​ឱ្យ​បាន គ្រប់​គ្រាន់ ទទួល​យក​តែ​ភាព​រីករាយ​នៅក្នុង​ខ្លួន ត្រូវ​អាន​សៀវភៅ​ណា​ដែល​មាន​អត្ថន័យ​ល្អៗជា​ដើម។ ស្ដ្រី​ដែលមាន​ផ្ទៃពោះ​ត្រូវតែ ធ្វើ​បែប​នេះ គឺ​ដើម្បី​ឱ្យកូន​នៅក្នុង​ផ្ទៃ​ទទួល​យក​នូវ​អារម្មណ៍​ការ​ស្ដាប់ ការ​អាន​របស់​ម្ដាយ។ មិន​ត្រូវ​មានភាព​ស្មុគស្មាញ ភាព​ទុក្ខ​សោក​សង្រែក ហើយ​ត្រូវ​ចៀសវាង​មើល​រូបភាព​សិចស៊ី មើល​រឿង​អាសអាភាស ច្រណែន​ឈ្នានីស រឿង​ដែល​តក់ស្លុត​គួរ​ឱ្យភ័យ​រន្ធត់ រឿង​គំនុំ​គុំគួន​ចងអាឃាត​បាញ់​សម្លាប់​ជាដើម។ ព្រោះ​កាល​បើមើល​រឿង​ទាំង​អស់​នេះ នាំ​ឱ្យជះ​ឥទ្ធិពល​អាក្រក់​ឆ្លង​ទៅដល់​កូន​នៅក្នុង ផ្ទៃ។

ផល​វិបាក​របស់​កុមារ​មាន​ទម្លាប់​មិនល្អ

ប្រសិន​បើ​កុមារ​មាន​ទម្លាប់​មិនល្អ បង្ក​ឱ្យ​មាន​ផល​វិបាក​ជា​ចម្បង​ទៅលើ​ខ្លួនឯង ព្រោះ​កាល​បើ​មាន​ទម្លាប់​ខ្ជិល​ច្រអូស​ហើយ នាំឱ្យ​ការងារ​មិន​រីក​ចម្រើន​ទៅ​មុខ​ឡើយ ហើយ​ក៏​ធ្វើឱ្យ​ខ្លួនឯង​គ្មាន​កិត្ដិយស​ដែរ។ ដោយ​សារ​តែ​កុមារ​ធ្វើខ្លួន​មិន​ចូល​សង្គម ធ្វើ​ឱ្យ​អ្នក ដែល​នៅ​ជុំវិញ​ខ្លួន​កុមារ​មិន​ចូល​ចិត្ដ​ស្រឡាញ់​វា។ ម្យ៉ាង​ទៀត​កុមារ​អាច​បង្ក​ឱ្យ​ឪពុក​ម្ដាយ​ឈឺក្បាល ព្រោះ​តែ​គិត​ច្រើន​នឹងទម្លាប់​កូន ទៀត​ផង។

ដំបូន្មានអ្នកឯកទេស

ទម្លាប់​ជាចំណុច​សំខាន់​មួយ​ ដែល​ឪពុក​ម្ដាយ​គ្រប់​រូប​ត្រូវ​ស្វែង​យល់ ហើយ​អ្វីៗ​ដែល​លោក​អ្នក​ទាំង​ពីរ​បាន​ធ្វើ​ពិត​ជាមាន​ឥទ្ធិពល​ទៅដល់​កូន​មិន ​មែន​តែមជ្ឈដ្ឋាន​ខាង​ក្រៅ​នោះ​ទេ គឺ​កុមារ​អាច​ធ្វើត្រាប់​តាម​តាំង​ពី​ចាប់​បង្ក​កំណើត​នៅ​ក្នុង​ផ្ទៃមក​ម្ល៉េះ៕

បញ្ចេញមតិ

៣សំណួរ នៃផែនការ​ឆ្ពោះទៅ​រកភាព​ជោគជ័យ

៣សំណួរ នៃផែនការ​ឆ្ពោះទៅ​រកភាព​ជោគជ័យ

តើអ្នកឲ្យនិយមន័យនៃភាពជោគជ័យយ៉ាងដូចម្តេច?
 
ការសម្រេច ឬទទួលបាននូវអ្វីដែលយើងបានគ្រោងទុក ចង់បាន ឬព្យាយាមធ្វើឲ្យបាន ប្រហែល​ជានិយមន័យ​ដ៏សមញ្ញមួយ​នៃភាពជោគជ័យ។ បើមើលតាមន័យ​ពាក្យក្នុង​ភាសា ខ្មែរយើង ពាក្យ “ជោគជ័យ” ផ្សំឡើងដោយពាក្យ “ជោគ” ដែលមានន័យថា “សំណាង” និង “ជ័យ” មានន័យថា “ឈ្នះ ឬសម្រេចបាន” ដែលយើងអាចបកស្រាយមួយបែបទៀតថា “ភាពជោគជ័យ ជាភាពអំណោយផល ឬឱកាស​សម្រាប់ឲ្យ​យើងធ្វើអ្វី​មួយ ហើយយើងអាច សម្រេចកិច្ចការនោះបាន”។
តើភាពជោគជ័យមានលក្ខណៈពិសេសអ្វីខ្លះ?
 
ភាពជោគជ័យសម្រាប់បុគ្គលម្នាក់ៗមិនដូចគ្នាឡើយ
បុគ្គលម្នាក់ៗ វាស់វែងភាពជោគជ័យដោយរង្វាស់ផ្សេងៗពីគ្នា។ ខ្លះអះអាងថា ជាការ​ទទួល បាននូវទ្រព្យសម្បត្តិ លុយកាក់ ខ្លះថាទទួលបានគ្រួសារ​មួយមាន​ភាពរីក​រាយ ​និង​ស្មោះត្រង់ ចំពោះគ្នាខ្លះថា ជាការទទួលបាននូវកិត្តិយស កេរ្តិ៍ឈ្មោះល្បីល្បាញ ខ្លះថា ទទួលបាននូវ ចំណេះវិជ្ជាខ្ពង់ខ្ពស់ ខ្លះថាទទួលបាននូវសេចក្តីស្ងប់ខាងផ្លូវចិត្ត ឯខ្លះទៀតថា ជាការបាន ជួយអ្នកដទៃ។ល។ ហេតុនេះ យើងត្រូវបើកគំនិតឲ្យទូលាយ ហើយមើលពិភពលោក ពីចំណែកផ្សេងៗគ្នា។ មិនមែនមានន័យថា អ្នកដែលមិនសូវសម្បូរទ្រព្យធន ជាអ្នក ដែលគ្មានភាពជោគជ័យឡើយ ហើយក៏មិនមែន តែសេដ្ឋីទេដែលជាអ្នកជោគជ័យ។ ប្រការ​ដែលយើងត្រូវយល់នោះគឺថា ពួកគាត់មានរង្វាស់ដោយឡែកៗពីគ្នា។
 
ភាពជោគជ័យមួយ ជាការចាប់ផ្តើមនៃភាពជោគជ័យមួយផ្សេងទៀត
ក្នុងមួយជីវិតរបស់មនុស្សម្នាក់ៗ មិនមែនមានតែភាពជោគជ័យមួយឡើយ។ លោក ប៊ីល ហ្គេត បានក្លាយជា មហាសេដ្ឋីពិភពលោក ជាការណ៍ដែលមនុស្សរាប់លាននាក់​នៅលើ​ពិភពលោក ចាត់ ទុកថា ជាមហាជោគជ័យ ប៉ុន្តែគាត់មិនដែលឈប់ត្រឹមនោះឡើយ។ អ្នកខ្លះ ចាត់ទុកគាត់ជាមនុស្សលោភលន់ ប៉ុន្តែបើយើងមើលក្នុងន័យពីជ្រុងមួយទៀត យើងឃើញ ថា គោលដៅដែលគាត់សម្រេចបានមួយ ជាដំណាក់កាលចាប់ផ្តើមនៃ​គោលដៅមួយទៀត។ អ្នកវិទ្យាសាស្រ្តទទួលបានភាពជោគជ័យ ពីការស្វែងរកថ្នាំព្យាបាលជំងឺមួយ ប៉ុន្តែបើពួកគាត់ ឈប់ស្រាវជ្រាវបន្ត នោះនឹងមានអ្នកជម្ងឺច្រើនផ្សេងទៀត​ស្លាប់​ ដោយសារជម្ងឺដូចគ្នាបាន នៅពេលអនាគត ដោយសារពពួកភ្នាក់ងារបង្ករោគ​អាចបង្កើត​ភាពស៊ាំនិងថ្នាំចាស់ ដែលគេ ប្រើប្រាស់ក្នុងរយៈពេលយូរ។ និយាយឲ្យខ្លី ភាពជោគជ័យ ជាការខិតខំបន្តបន្ទាប់លើ គោលដៅសម្រេចបានចាស់។
 
តើអ្នកត្រូវមានអ្វីខ្លះដើម្បីឈានទៅរកភាពជោគជ័យ?
 
ឆន្ទៈ និង ចំណង់
ដើម្បីធ្វើអ្វីមួយឲ្យបានសម្រេច រាល់បុគ្គលចាំបាច់ត្រូវមានឆន្ទៈ និងចំណង់ក្នុង ការធ្វើកិច្ចការ នោះ។ លោក Bill Cosby បានលើកជាសុភាសិតមួយថា “ដើម្បីទទួលបានជោគជ័យ អ្នក​ត្រូវតែ មានចំណង់ ចង់ បានភាពជោគជ័យ ច្រើនជាងភាពភ័យខ្លាចចំពោះភាព​បរាជ័យ”។ ឆន្ទៈ និង ចំណង់ ជាកម្លាំងជម្រុញឲ្យយើងធ្វើកិច្ចការណាមួយអស់ពីចិត្តពីថ្លើម។
 
ជំនឿចិត្ត
ក្រៅពីចំណង់ និងឆន្ទៈ បុគ្គលជោគជ័យក៏ត្រូវមានជំនឿចិត្តលើខ្លួនឯងផងដែរ។ មានជំនឿ​ចិត្ត លើ គំនិត និងសមត្ថភាពទើបអាចធ្វើឲ្យយើង ជំនះភាពភ័យព្រួយចំពោះបរាជ័យបាន។ លោក ប៊ីល ហ្គេត បានពោលមួយឃ្លាថា “ជ័យជំនះ ជាគ្រូដ៏អាក្រក់មួយ។ វាប្រលោមចិត្ត អ្នកវាងវៃឲ្យគិតថា ពួកគេមិនអាចចាញ់។” ជំនឿចិត្ត វាជាគ្រឹះនៃដំណើរទៅរកភាព ជោគជ័យ។
 
ភាពឧស្សាហ៍ព្យាយាម
កម្រមានកិច្ចការដែលអាចសម្រេចបានដោយការព្យាយាមតែម្តងឡើយ។​កិច្ចការខ្លះអាច សម្រេច ក្រោយពីបរាជ័យច្រើនលើកច្រើនសារ។ បើយើងជួបភាពបរាជ័យហើយបោះបង់ នោះ ប្រហែល គ្មានភាពជោគជ័យនឹងកើតមានឡើងឡើយ។ ការមិនបោះបង់ចោល និង ធ្វើការឲ្យអស់ពីកម្លាំង កាយចិត្ត ជាកូនសោរដ៏សំខាន់មួយ ក្នុងការសម្រេចការងារ។ យើង អាចមើលឧទាហរណ៍ ពីក្នុង ប្រវត្តិសាស្រ្តរបស់យើង។ ប្រាសាទអង្គរវត្ត អាចមានភាពល្បី ល្បាញ កើតចេញពីស្នាព្រហស្ថ វីរៈក្សត្រជាច្រើនអង្គ និងភាពឧស្សាហ៍ព្យាយាមនៃ បណ្តា ជាងសំណង់ឆ្លងកាត់កន្លះ សតវត្សរ៍ ឯណោះ។  យើងត្រូវរៀនពីភាពបរាជ័យ ដើម្បីបង្កើត នូវភាពជោគជ័យ។
 
កុំឲ្យភាពជោគជ័យស្វែងរកអ្នក
បុគ្គលជោគជ័យ ប៉ិនប្រសប់ក្នុងការស្វែងរក កំណត់​ និងចាប់យកឱកាស។ មិនមែនភាព ជោគជ័យ មួយ ដើរមករកពួកគេឡើយ។ ស្ថាបនិក Google លោក ឡារី ភេជ យល់ច្បាស់ ពីតម្រូវការមួយ នៃ ការស្វែងរកព័ត៌មាននៅលើអ៊ីនធើណិត គាត់ស្ថាបនាក្រុមហ៊ុនមួយ បានដោយជោគជ័យ។ ហេតុ នេះ ចូររៀន ចូរគិត ចូរសង្កេត ចូរពិនិត្យ​ រាល់អ្វីៗដែលនៅ ជុំវិញខ្លួន ហើយផ្តួចផ្តើមឲ្យកើតជា សកម្មភាពឡើង។
 
ចំណេះវិជ្ជា
ខ្ញុំបញ្ចូលចំណុចនេះ ដោយសារយើងសព្វថ្ងៃរស់នៅក្នុងសម័យបច្ចេកវិទ្យា។ ការចេះស្រាវ ជ្រាវ ត្រិះរិះ វិភាគ និងបង្កើតជាសម្មតិកម្ម ជារង្វាស់ ជាខ្នាត ជាត្រីវិស័យ មានសារៈសំខាន់ ជាទីបំផុត។ ដូចនេះ ដើម្បីឈានទៅរកភាពជ័យបាន យើងគប្បីពង្រឹងពង្រីកចំណេះដឹង ចំណេះធ្វើ និងរក្សាការរៀនសូត្រពេញមួយជីវិតតែម្តង។
 
សំណួរទាំង ៣ ឈានទៅកាន់ភាពជោគជ័យ
 
អ្វីដែលបានរៀប​រាប់ពីខាងលើ ជាសញ្ញាណ នៃភាព​ជោគជ័យ។ ជាបន្ត ខ្ញុំនឹង​លើក​យក​មកបង្ហាញ សំណួរទាំង ៣ ដែលជាខ្លឹមសារសំខាន់នៃអត្ថបទនេះ។ ពួកវា ពុំមានលក្ខណៈ ស្មុគស្មាញឡើយ ផ្ទុយទៅវិញមានភាពសមញ្ញ និងងាយយល់។ ខ្ញុំគិតថាអ្នកនឹងអាចយក​សំណួរ​ទាំងនេះទៅ ប្រើ ប្រាស់ ក្នុងការ សិក្សា ការងារ និងការរស់នៅបាន។ សូម​បញ្ជាក់ផង​ដែរថា នៅក្នុងន័យជំនួញ គ្រប់ គ្រង និង គ្រប់គ្រង យុទ្ធសាស្រ្ត ក៏មានការប្រើ​ប្រាស់សំណួរ​ទាំងបីនេះដែរ។ អ្នកប្រាកដជាឆ្ងល់ថា តើសំណួរទាំងបីជាអ្វី​ និង មានន័យយ៉ាងដូចម្តេច?
សំណួរទាំង បី គឺៈ តើអ្នកចង់ទៅទីណា? តើពេលបច្ចុប្បន្ន អ្នកនៅកន្លែងណា? តើអ្នកត្រូវ ឈានទៅរកគោលដៅដោយវិធីណា?
 
១. តើអ្នកចង់ទៅទីណា?
វាជាសំណួរស្វែងរកគោលដៅរបស់អ្នក។ អ្នកត្រូវកំណត់ទិសដៅ និង គោលបំណង ដែលអ្នក ប្រាថ្នា សម្រេចឲ្យបាននៅពេលអនាគត។ វាអាចជាទិសដៅ  ១ឆ្នាំ ៣ឆ្នាំ ៥ឆ្នាំ ១០ឆ្នាំ ឬ ២០ឆ្នាំ ជាដើម។ វាក៏អាចជាផែនការ កំណត់ទៅតាមវ័យ ដូចជា​អ្វីត្រូវសម្រេច​មុនអាយុ ២៥ឆ្នាំ ៣០ឆ្នាំ ៤៥ឆ្នាំ ៦០ឆ្នាំ ឬក្រោយពេលចូលនិវត្តន៍ ផងដែរ។
 
ឧទាហរណ៍ ថាពេលនេះអ្នកកំពុងរៀននៅឆ្នាំដំបូងនៃមហាវិទ្យាល័យ។ គោលដៅ ៥ឆ្នាំ ​របស់ អ្នកគឺ រកការងារមួយឲ្យបានក្រោយពេលបញ្ចប់ការសិក្សា។ អ្នកអាចស្រមៃកន្លែង ដែល អ្នកនឹងទៅធ្វើការ មុខតំណែងដែលអ្នកនឹងកាន់ ប្រាក់ខែដែលអ្នកនឹងទទួល​បាន។ល។ ឧបមាថា អ្នកឆ្លើយថា “ខ្ញុំចង់ ធ្វើការនៅធនាគារមួយ មុខតំណែង​ជាមន្ត្រីទំនាក់​ទំនង អតិថិជន ប្រាក់ខែចន្លោះពី ២០០-៤០០ ដុល្លារ។”
 
ឥឡូវសន្មតថាគោលដៅរបស់អ្នកគឺ “៥ឆ្នាំក្រោយ ធ្វើការនៅធនាគារមួយ មុខតំណែង​ជាមន្ត្រីទំនាក់​ទំនងអតិថិជន ប្រាក់ខែចន្លោះពី២០០-៤០០ដុល្លារ”។ បន្ទាប់មក អ្នកចូល​ទៅឆ្លើយ​សំណួរ​ទីពីរ។
 
២. តើពេលបច្ចុប្បន្ន អ្នកនៅកន្លែងណា?
សំណួរទីពីរនេះ ជាសំណួរស្វែងយល់អំពីអ្វីដែលអ្នកមាន ឬគ្មាន ដូចជាធនធាន ចំណេះដឹង ជំនាញ បទពិសោធន៍ និង បុគ្គលិកលក្ខណៈ ជាដើម។ អាចនិយាយបានថា ជាការស្វែង​យល់ អំពី ស្ថានភាព ឬ បញ្ហា របស់អ្នកនាពេលបច្ចុប្បន្ន។ សូមមើលឧទាហរណ៍តមក ពីសំណួរទី១ ខាងក្រោម៖
 
គោលដៅ៥ឆ្នាំៈ 
  • “ធ្វើការនៅធនាគារមួយ មុខតំណែង​ជាមន្ត្រីទំនាក់​ទំនងអតិថិជន ប្រាក់ខែចន្លោះ ពី២០០-៤០០ដុល្លារ”
តើអ្នកនៅឯណានាពេលបច្ចុប្បន្ន? តើអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ឬនៅ? តើអ្នក ខ្វះខាតគុណសម្បត្តិអ្វីខ្លះ?
  • “កំពុងសិក្សាឆ្នាំទី១ ត្រូវរៀន៤ឆ្នាំ។”
  • “ពុំទាន់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទេ។ ក្រៅពីបរិញ្ញាបត្រ ត្រូវមានចំណេះដឹង​ភាសា​អង់គ្លេស កុំព្យូទ័រ និងទំនាក់ទំនង។ល។ បើមានបទពិសោធន៍ការងារខ្លះ កាន់តែប្រសើរ។”
៣. តើអ្នកត្រូវ ឈានទៅរកគោលដៅដោយវិធីណា?
សំណួរទី១ ជាគោលដៅ សំណួរទី២ ជាចំណុចខ្លាំង ខ្សោយ និងបញ្ហា រីឯសំណួរទី៣នេះ តម្រូវឲ្យអ្នកកំណត់កិច្ចការដែលអ្នកត្រូវធ្វើ និងរបៀបធ្វើកិច្ចការទាំងនោះ ដើម្បីឆ្ពោះទៅ សម្រេចលទ្ធផល។  យើងអាចពុះចែកសំណួរទី៣នេះ ជាសំណួរតូចៗដូចជា៖
  • ត្រូវធ្វើអ្វីខ្លះ?
  • ត្រូវធ្វើដោយវិធីណា?
  • ត្រូវការធនធានអ្វីខ្លះ?
  • ត្រូវវាស់ភាពជោគជ័យរបស់អ្នកយ៉ាងដូចម្តេច?
  • ត្រូវឆ្លងកាត់ឧបសគ្គ ឬបញ្ហាប្រឈមអ្វីខ្លះ?
 
ខ្ញុំសង្ខេប ឧទាហរណ៍ដដែលពីសំណួរទី១ និងទី២ ដូចខាងក្រោម៖
(i) តើអ្នកចង់ទៅទីណា?

គោលដៅ៥ឆ្នាំៈ 

  • “ធ្វើការនៅធនាគារមួយ មុខតំណែង​ជាមន្ត្រីទំនាក់​ទំនងអតិថិជន ប្រាក់ខែ ចន្លោះពី ២០០-៤០០ដុល្លារ”
(ii) តើអ្នកកំពុងនៅឯណា ឬតើអ្នកកំពុងស្ថិតក្នុងស្ថានភាពអ្វី?
អ្វីដែលមានៈ
  • “កំពុងសិក្សាឆ្នាំទី១ ត្រូវរៀន៤ឆ្នាំ។”
អ្វីដែលខ្វះខាត
  • ចំណេះដឹង​ភាសា​អង់គ្លេស
  • ជំនាញកុំព្យូទ័រ
  • ជំនាញទំនាក់ទំនង
  • បទពិសោធន៍ការងារខ្លះ

(iii) តើអ្នកត្រូវ ឈានទៅរកគោលដៅដោយវិធីណា?
កិច្ចការត្រូវធ្វើ និងរបៀបបំពេញ និងរង្វាស់

 
ក. បញ្ចប់បរិញ្ញាបត្រ
- របៀបធ្វើៈ បំពេញការសិក្សាតាមឆ្នាំនិមួយៗ ៤ឆ្នាំ
- រង្វាស់ៈ សញ្ញាបត្របរិញ្ញាបត្រជំនាញ
 
ខ. រៀនជំនាញកុំព្យូទ័រ
- របៀបធ្វើៈ រៀន MS OFFICE នៅពេលរៀនឆ្នាំទី២
- រង្វាស់ៈ វិញ្ញាបនបត្របញ្ចប់ការសិក្សា
 
គ.​ រៀនភាសាអង់គ្លេស (របៀបធ្វើៈ យកឲ្យបានកម្រិត Upper មុនចូលឆ្នាំទី៤)
- រង្វាស់ៈ វិញ្ញាបនបត្របញ្ជាក់ការសិក្សា ឬប្រលង
 
ឃ. រៀនជំនាញទំនាក់ទំនង 
-របៀបធ្វើៈ រៀននៅអង្គការណាមួយ ក្នុងឆ្នាំទី ២​ឬទី៣
- រង្វាស់ៈ វិញ្ញាបនបត្រ
 
ង. រកបទពិសោធន៍ការងារ (របៀបធ្វើៈ រកការងារស្ម័គ្រចិត្ត ពេលចូលឆ្នាំទី៤)
- រង្វាស់ៈ អនុសាសន៍ការងារ
 
បញ្ហាប្រឈម
  • ការប្រកួតប្រជែងពីនិស្សិតមកពីមហាវិទ្យាល័យផ្សេងទៀត
  • ការប្រែប្រួលនៃឱកាសការងារ ក្រោយរយៈពេល ៤ឆ្នាំ
 
សង្ខេប
សំណួរទី១ តើអ្នកចង់ទៅទីណា?
  • ជាការកំណត់គោលដៅ បុគ្គល អង្គភាព ឬស្ថាប័ន របស់អ្នក។
សំណួរទី២ តើអ្នកកំពុងនៅឯណា?
  • ជាការកំណត់ស្ថានភាព ចំណុចខ្លាំង ចំណុចខ្សោយ ឱកាស និងបញ្ហាប្រឈម ផ្សេងៗនៃបុគ្គល អង្គភាព ស្ថាប័ន របស់អ្នក។
សំណួរទី៣
  • ជាការកំណត់កិច្ចការដែលត្រូវបំពេញ របៀបបំពេញ ពេលវេលាត្រូវបញ្ចប់ មធ្យោបាយវាស់វែងភាពជោគជ័យ (ឬបង្ហាញប្រឈមចំពោះកិច្ចការនិមួយៗ)។
តាមរយៈឧទាហរណ៍ខាងលើ ខ្ញុំនឹងដាក់បញ្ចូលចម្លើយទាំងអស់ក្នុងតារាងមួយ៖
 
សំណួរទី១
កំណត់គោលដៅ
សំណួរទី២
កំណត់បញ្ហា
សំណួរទី៣
វិធីសម្រេចគោលដៅ
កិច្ចការត្រូវ​បំពេញ
របៀបធ្វើ
ឱសានវាទ
រង្វាស់
គោលដៅៈ
ធ្វើការនៅធនាគារមួយ មុខតំណែង​ជាមន្ត្រី ទំនាក់​ ទំនងអតិថិជន ប្រាក់ខែចន្លោះពី២០០-៤០០ដុល្លារ
 
បញ្ហាប្រឈមទៅៈ
-ការប្រជែងពី និស្សិត នៃសាលាផ្សេង
-ការប្រែប្រួលនៃឱកាស ការងារ
កំពុងសិក្សា​ឆ្នាំ​ទី១ ត្រូវរៀន​៤ឆ្នាំ
បញ្ចប់បរិញ្ញា​បត្រ
បំពេញការសិក្សា​តាមឆ្នាំនិមួយៗ
៤ឆ្នាំ
បរិញ្ញាបត្រ
ខ្វះជំនាញ​កុំព្យូទ័រ
រៀនជំនាញ​កុំព្យូទ័រ
រៀន MS OFFICE
ឆ្នាំទី២
វិញ្ញាបនបត្រ
ខ្វះចំណេះដឹង​ភាសា​អង់គ្លេស
រៀនភាសា​អង់គ្លេស
យកឲ្យបានកម្រិត Upper
មុនចូលឆ្នាំទី៤
វិញ្ញាបនបត្រ
ខ្វះជំនាញ​ទំនាក់ទំនង
រៀនជំនាញ​ទំនាក់ទំនង
រៀននៅអង្គការ ណាមួយ
ឆ្នាំទី ២​ឬទី៣
វិញ្ញាបនបត្រ
ខ្វះបទពិសោធន៍​ការងារ
រកបទពិសោធន៍ការងារ
រកការងារ ស្ម័គ្រចិត្ត
ឆ្នាំទី៤
អនុសាសន៍ ការងារ
 
នេះជាតារាងផែនការសកម្មភាពដ៏សមញ្ញមួយមែនទេ!
 
 
កិច្ចការអនុវត្តន៍ៈ
 
ចូរសាកល្បងឆ្លើយនឹងសំណួរទាំងបី ហើយបំពេញក្នុងតារាងមួយ ដូចតារាងខាងលើ។ មួយខែម្តង ចូរអ្នកមើលតារាងរបស់អ្នក នឹងកែតម្រូវ។
 
“អ្នកមិនអាចញ៉ាំផ្លែប៉ោមមួយឲ្យអស់តែមួយម៉ាត់ឡើយ អ្នកត្រូវកាត់វាជាចំណែកៗ។ ដូចគ្នា ដែរ អ្នកមិនអាចសម្រេចគោលដៅរបស់អ្នកតែម្តងឡើយ អ្នកត្រូវពុះវាជាគោល ដៅតូចៗ ដែលអ្នកអាចបំពេញបានដោយងាយ!”

បញ្ចេញមតិ

ទស្សនៈសង្គមចំពោះ​​ស្រ្តី​ខ្មែរ

ក្នុង​សង្គ​ម​ខ្មែរ​សម័យ​បុរាណ  ត្រូវបាន​​គេ​មើល​ឃើញថា     ការ​ឳ្យ​តម្លៃ​លើ​ស្ត្រី​មាន​កម្រិត​ខ្ពស់ ព្រោះ​សូម្បីតែ​របប​ដឹក​នាំ​រដ្ឋ​​ ក៏​យក​តាម​គំរូ​មាតា​ធិបតេយ្យ​ដែរ ដែល​រហូត​ដល់​ពេល​នេះ​យើង​​ដឹង​តាម​រយៈឯកសារ​ប្រវត្តិសាស្ត្រ ហើយ​ជា​ពិសេស​យើងអាច​យល់​បាន​យ៉ាង​ងាយ​តាម​រយៈ​ការ​ប្រើប្រាស់​ពាក្យ«​មេ»នៅ ​ក្នុង​សង្គម ដូចជា មេដៃ មេដំបូល មេភូមិ​ មេឃុំ មេក្រុម… ជាដើម​។


សម័យកាល​​ក្រោម​មក​ របប​សង្គម​ផ្លាស់ប្តូរជា​ច្រើនតំណ តម្លៃ​ស្ត្រី​ក៏​ត្រូវ​បាន​ធ្លាក់​ចុះជា​បន្ត បន្ទាប់​ នារី​ខ្មែរ​ត្រូវ​ជាប់​ច្រវាក់​ប្រពៃណី រងគំនាប​សង្គម និង​ពាក្យ​ដំនៀល​ជា​ច្រើន។ តួយ៉ាង «ស្ត្រី​បង្វិល​ចង្រ្កានមិន​ជុំ» «មាន​កូន​ស្រី​ ដូច​មានបង្គន់​នៅ​​មុខ​ផ្ទះ ឬ​កូន​ស្រីពិបាក​ណាស់ ញ៉េញ​ញ៉ុញ មុជ​មិន​ជ្រៅ​ទៅ​មិន​ឆ្ងាយ» «​កូន​ស្រី​មិន​ចាំ​បាច់​រៀន​ខ្ពស់​ទេ»… រហូត​ដល់​មាន​ការ​ចង់​ជា​កាព្យ​ទូន្មានទៀតថា «លោក​ថាឆ្កួត​បី ឆ្កួត​មួយ​នឹង​ស្រី ឆ្កួត​មួយ​នឹង​ស្រា ឆ្កួត​មួយ​នឹងល្បែង» ដែលក្នុងនេះ​​ក៏​មាន«​ឆ្កួត​នឹង​ស្រី»​ជា​ឆម្កួត​ទី​១​ដែរ។ ការ​បង្អាប់​មើល​ងាយ​​មនុស្ស​ស្រី​យ៉ាង​ដូច្នេះ ធ្វើ​ឳ្យ​តម្លៃ​នារី​កាន់​តែ​ស្រក​ស្រុត​ចុះ​ ពី​មួយ​ថ្ងៃ​ទៅ​មួយថ្ងៃ។ ដោយ​មាន​ការលំបាកខ្លាំង​ពេក នារី​មួយ​ចំនួន​បាន​ចាប់​ផ្តើម​​ងើប​ឈរ តស៊ូ​ កែ​ប្រែ​ផ្នត់​គំនិត​អវិជ្ជ​មាន​​ទាំង​ឡាយ​នោះ។ ​ដោយ​បាន​ការ​គាំទ្រ​ពី​មតិ​ឆាក​អន្តរជាតិផង​​ ស្រ្តី​ខ្មែរ​បាន​ស្គាល់​នូវពន្លឺ​ថ្មី។ ពាក្យ​ស្លោក ​​និង​ពាក្យ​​លើក​កម្ពស់​តម្លៃ​នារី​ជា​ច្រើន ត្រូវ​បានគេ​​ស្រាវ​ជ្រាវ​មក​ផ្សព្វ​ផ្សាយ​ ជាអាទិ៍​ «ស្ត្រី​ជា​មាតា​នៃ​ពិភពលោក»​ «​សំណាប​យោង​ដី ​ស្រី​យោង​ប្រុស» «សម្លឆ្ងាញ់​ដោយ​សារ​គ្រឿង គ្រួសារ​រុង​រឿង​ដោយសារ​ភរិយា»។

នៅ​ក្នុង​សង្គម​​ខ្មែរបច្ចុប្បន្ន  ទស្សនៈអវិជ្ជមាន​ចំពោះ​ស្ត្រី នៅតែ​បាន​បន្ត​អនុវត្ត​យ៉ាង​ងងឹត-​ងងុលដោយ​អន្លើ​ដែរ​ ពោលគឺ​​ពុំ​អាច​បំបាត់​ចេញ​ទាំង​ស្រុង​នោះឡើយ ហើយ​នេះជា​ហេតុធ្វើ នារី​ត្រូវ​រង​ទុក្ខ​វេទនាទាំង្លូវ​កាយ​​ ​ចិត្ត រង​អំពើ​​​ហិង្សាក្នុង​គ្រួសារ​ បាត់​បង់​សិទ្ធិ​រស់​នៅប្រកប​ដោយ​ភាព​ថ្លៃ​ថ្នូរ​នៅ​ក្នុងសង្គម គ្មាន​ឱកាស​ទទួល​បាន​ការ​អប់រំ។ ការណ៍​ដែល​កូន​ស្រី​មិន​បាន​ទៅរៀន​ ធ្វើ​ឳ្យ​នាង​ខ្វះ​ខាត​ចំណេះ​ដឹង និង​មិន​​អាច​ស្វែង​រក​ការងារ​ល្អ​ធ្វើ ហើយ​ស្រ្តីខ្មែរ​មួយ​ចំនួនសម្រេច​ចិត្ត​ចេញ​ទៅ​ធ្វើការ​តាម​ផ្ទះ​នៅ​បរទេស​ តែ​ត្រូវ​គេ​​ជិះជាន់​វាយ​​ធ្វើ​បាប អ្នក​ខ្លះ​ត្រូវ​គេ​ប្រើ​ហិង្សា​ និង​បង្ខំ​ចាប់​រំលោភ​ផង​។ ពេល​ត្រឡប់​មក​ស្រុក​វិញ ពលការិនី​ខ្មែរ​​ដែល​ទៅ​បម្រើ​ការ​នៅ​ក្រៅប្រទេស​មួយ​ចំនួន ត្រូវ​វង្វេង​បាត់​បង់​ស្មារតី​ផង​ក៏​មាន។ ទាំង​នេះ​បាន​ផ្តល់​សំណល់​ទឹក​ភ្នែក​សម្រាប់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​។ ជា​ការ​ពិត ទឹក​ភ្នែក​ជា​ដំណោះ​ស្រាយ​ចុង​ក្រោយ​របស់​មនុស្ស​ដែល​អស់​សង្ឃឹម តែ​ចំពោះ​ស្រ្តីមួយ​ចំនួន​​នៅ​បុរីកីឡាបន្ទាប់ពី​យំស្រែក​ទាម​ទារ​សំណងមិន​បាន​ផល ដល់​​តំណាក់​កាល​ទាល់​ច្រក​មែន​ទែន នារីខ្លះ​​ហ៊ាន​ដោះ​អាវ​វាយ​ប៉ូលីសនគរបាល​ ដោយបង្ហាញ​លេច​កេរ្តិ៍​ខ្មាស់ ដើម្បី​​ទាម​ទារ​សិទ្ធិដីធ្លី​​ ផ្ទះ​- សម្បែង​របស់​ខ្លួនមក​វិញ​។

ទោះ​យ៉ាងណា ក៏​កញ្ញា សៀ លីហួង ទទូចឳ្យ​​កែ​ប្រែ​ទស្សនៈ​យល់​ឃើញ​អវិជ្ជមាន​ចំពោះ​ស្រ្តី។ កញ្ញា​ជា​អតីត​ជ័យ​លាភី​មេដាយ​មាស​ផ្នែក​អក្សរសិល្ប៍​ខ្មែរ ថ្នាក់​ទី​៩ ឆ្នាំ​២០០៦ និងនៅ​​ថ្នាក់ទី​១២ ឆ្នាំ​២០១០ ​កញ្ញា​ក៏​ជា​សិស្ស​​ពូកែ​​​លេខ​៤ទូទាំង​ប្រទេស​ផង​ដែរ។ កញ្ញា​បាន​ទទួល​អាហា​​រូបករណ៍ ​ និង​​​កំពុង​សិក្សា​មុខវិជ្ជា​សង្គម​កិច្ច​វិទ្យា ជំនាន់​ទី​៣​ ឆ្នាំ​ទី២ នៃ​មហាវិទ្យាល័យ​សង្គម​សាស្ត្រ​ និង​មនុស្ស​សាស្រ្ត នៅ​​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ​មណ្ឌល​​២។ ក្នុង​វ័យ​២០ឆ្នាំ កញ្ញា​បញ្ជាក់ថា៖ «គេ​គ្រប់​គ្នា​តែង​និយាយ​ថា​ ស្ត្រី​ជា​ភេទ​ទន់​ខ្សោយ តែតាម​ពិត​ នារី​​ខ្សោយ​តែ​កម្លាំង​កាយទេ​ ប៉ុន្តែ​កម្លាំង​​​ប្រាជ្ញាស្មារតី និង​មាន​សមត្ថភាព​​​មិន​ចាញ់​បុរស​នោះ​ឡើយ ជាក់​ស្តែង​មាន​នារី​ជា​ច្រើន​នៅ​លើ​ពិភព​លោក​ជា​ប្រមុខ​ដឹក​នាំប្រទេស ជាអ្នក​ដឹក​នាំ​ក្រសួង ក្រុម​ហ៊ុន ​ស្ថាប័ននានា​ ថែម​ទាំង​មាន​អ្នក​និពន្ធ​អ្នក​ប្រាជ្ញ​វិទ្យា​សាស្ត្រ​ជា​ស្ត្រី​ផង​ដែរ»។

ចំពោះ​សង្គម​ខ្មែរ​វិញ​ និស្សិតនារី​ឆ្នើម​រូប​នេះ បន្តថា បាន​ជា​គេ​មិន​សូវ​ឃើញ​ស្ត្រី​ច្រើន​កាន់ តំណែង​ខ្ពស់​នៅ​​ក្នុង​សង្គម ព្រោះ​មក​ពី​កាលៈទេសៈ សង្គម​បរិយាកាស​ពុំ​​បាន​បង្ក​លក្ខណៈ​សម​ស្រប ​និងភាព​​ងាយ​ស្រួល​ដល់​ស្រ្តី​ទៅវិញ​ទេ ម្យ៉ាង​ទៀត​​ក្នុង​សង្គម​មាន​ផ្នត់​គំនិត​អវិជ្ជមាន​ចំពោះស្រ្តីច្រើន​ ហើយ​​ប្រព័ន្ធសិក្សា​ធិការ​​សម្រាប់​ស្ត្រី​នៅ​មាន​កម្រិត​។  ហេតុដូច្នេះ​ហើយ គេ​មិន​សូវ​ឃើញ​វត្តមាន​របស់​ស្ត្រី​ច្រើន​នោះ​ទេដែល​ជា​អ្នក​នយោបាយ ឬ​អ្នក​ជំនួញ។ ​ជា​ទស្សនៈ​ឃើញ​ផ្ទាល់ខ្លួនក្នុង​នាម​ជា​អ្នក​សិក្សា​មុខវិជ្ជា​សង្គម​កិច្ចវិទ្យា ​ ​កញ្ញា​​កត់​សម្គាល់​ឃើញថា៖ «ស្រ្តី​ខ្មែរ​សព្វ​​ថ្ងៃ​​​ ហាក់​ដូច​ជា​មិន​បាន​ចូល​រួម​ពេញ​លេញក្នុង​សង្គម​​នៅឡើយ​ទេ​។ ខ្ញុំយល់​​ឃើញ​ថាការ​ចូលរួម​របស់​នារី​នៅ​តិចតួច​នៅ​ឡើយ ម្យ៉ាង​ទស្សនៈ​​​អវិជ្ជមាន​ចំពោះ​នារីនៅ​តែ​មាន ហើយបាន​ធ្វើ​ឳ្យ​ចលនា​យេនឌ័រ​មាន ​តែ​ពុំ​បាន​អនុវត្ត​ត្រឹម​ត្រូវ​នោះ​ឡើយ »។

ជា​ដំណោះ​ស្រាយ​ដោយ​ផ្តើម​ចេញពី​នារី​ខ្លួន​ឯង​ផ្ទាល់ កញ្ញា​លីហួងថ្លែងថា៖ «ខ្ញុំ​ចង់ឲ្យស្រ្តី ខ្មែរ​ទាំង​អស់​ មាន​ទំនុក​ចិត្ត​លើក​ខ្លួន​ឯង ក្លាហាន​ ពង្រឹង​ភាព​ខ្លាំង​របស់​ខ្លួន​ កុំ​នៅតែយល់ថា នារី​ជាភេទ​ទន់​ខ្សោយទៀត យើង​ត្រូវ​ហ៊ាន​បញ្ចេញ​គំនិត តស៊ូ​មតិដោយ​​ចាប់​ផ្តើម​ពី​នៅ​ក្នុង​គ្រួសារ​ សាលា​រៀន សហគមន៍​…។ មួយ​ទៀត​ស្រ្តី​ត្រូវ​តែ​ស្គាល់​ខ្លួន​ឯង​ឲ្យ​ច្បាស់ កាលណា​យើង​ស្គាល់​ខ្លួន​ច្បាស់ យើង​អាច​នឹង​ធ្វើ​ការ​ងារ​អ្វី​ក៏​បាន​ដែរ។ បន្ទាប់​មក​ ព្យាយាម​បើក​ឱកាស​ឲ្យខ្លួន​ឯង​ចូល​រួមសកម្មភាព​សង្គម និង​ពង្រឹង​សិទ្ធិ​អំណាច​ផ្ទាល់​ខ្លួន​»។

កញ្ញា សៀ លីហួង ប្រាថ្នា​ចង់​បាន​សង្គមមួយ​​​ដែល​ស្ត្រី និងបុរស​មាន​សិទ្ធិ​សេរីភាព​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់ មាន​តម្លា​ភាព​ និង​សមភាព​យេនឌ័រ។ នៅពេល​​បញ្ចប់​បរិញ្ញាបត្រ​ កញ្ញា​ចង់​ស្វែង​រក​កិច្ច​ការ​សង្គម​ដែល​ទាក់​ទង​កុមារ​ និង​ស្រ្តី ដើម្បី​បាន​បទពិសោធសិន ហើយ​ព្យាយាម​ស្វែង​រក​អាហារូបករណ៍​រៀន​បន្តទៀត។ កញ្ញា​លីហួង​បង្ហាញ​គោល​បំណ​ង​ថា​​ នាង​ចង់​រៀន​បន្ត​អនុ​បណ្ឌិត​ផ្នែក​​«​កសាងសន្តិភាព» (Building Peace) នៅ​ប្រទេស​ជប៉ុន ព្រោះ​កញ្ញា​ចង់​នាំ​មក​នូវ​សន្តិភាព​ជា​ថ្មី​ម្តងទៀត​សម្រាប់​ប្រជាជាតិ​ខ្មែរ​យើង។ នាង​បន្ថែម​ថា នរណា​ៗ​ក៏​ចង់​បាន​សន្តិភាព​ដែរ ហេតុនេះ​ខ្ញុំ​នឹង​ខិត​ខំ​ដើម្បី​សង្គម​ខ្មែរ​។

សម្រាប់ ​ទិវា​៨មីនា​ ទិវាសិទ្ធិ​នារីអន្តរជាតិខាងមុខនេះ កញ្ញា សៀ លីហួង សូម​លើក​ទឹក​ចិត្ត​មិត្ត​នារី​ទាំង​ឡាយ​ចាប់​ពី​ពេល​នេះ​ទៅ នារី​ត្រូវ​តែ​ហ៊ាន​​ចូល​រួម​សកម្មភាព​សង្គម​ឲ្យ​បាន​ច្រើន បង្កើន​ទំនាក់​ទំនង​ក្នុង​សង្គមឲ្យ​បាន​ល្អ​ ផ្តើម​ចេញ​ពី​ខ្លួន​យើង​ជា​ស្ត្រី​ដើម្បី​អនាគត​ស្រ្តីខ្មែរ​ និង​មាតុភូមិ​របស់យើង។ កញ្ញា​​បន្ថែម​ថា៖ «អ្វីៗ​ក៏​ដោយ ក៏​មាន​ផ្លូវ​ដោះ​ស្រាយ​ដែរ សូម​កុំ​អស់​សង្ឃឹម ហើយ​ត្រូវ​រក្សា​ក្តីសង្ឃឹម​ជានិច្ច!»៕

បញ្ចេញមតិ

តើអ្នក​មាន​តម្លៃ​ប៉ុន្មានលុយ?

 

តើការឲ្យតម្លៃខ្លួនឯងគឺជាអ្វី?

ការឲ្យតម្លៃខ្លួនឯងគឺជាផ្នែកដ៏ធំមួយ ដែលសម្តែងចេញនូវអារម្មណ៍ផ្ទាល់ខ្លួនរបស់អ្នកចំពោះខ្លួនឯង ហើយក៏ជាទំហំនៃការពេញចិត្ត ឬ ខ្វល់ខ្វាយចំពោះអ្វីមួយផងដែរ។ ការឲ្យតម្លៃខ្លួនឯង គឺជាការផ្តល់នូវតម្លៃដល់ខ្លួនឯង និងការយល់ដឹងថាខ្លួនឯងមានសារៈសំខាន់ប៉ុណ្ណាផងដែរ។ វាជារបៀបដែលអ្នកមើលឃើញខ្លួនឯងមានលក្ខណៈយ៉ាងណា  និង មានអារម្មណ៍បែបណាទៅលើការងារទាំងឡាយដែលអ្នកអាចធ្វើបាន។

ការឲ្យតម្លៃខ្លួនឯង គឺមិនមែនជាការអួតបំប៉ោងនោះឡើយ។ វាគឺជាការស្គាល់ថា តើអ្នកពូកែខាងអ្វី និងមិនពូកែផ្នែកអ្វី។ មនុស្សភាគច្រើនបង្ហាញពីការពេញចិត្តទៅលើអ្វីមួយ ឬនរណាម្នាក់ ប៉ុន្តែយើងមិនដែលគិតថាតើយើងចូលចិត្តខ្លួនឯងច្រើនប៉ុណ្ណានោះទេ។

ការឲ្យតម្លៃខ្លួនឯង មិនមែនមានន័យថាយើងជាមនុស្សល្អគ្រប់យ៉ាង ហើយអ្នកដ៏ទៃមិនល្អនោះទេ។ អ្នកគិតថាក្មេងខ្លះពូកែគ្រប់យ៉ាង តែអ្នកក៏ដឹងច្បាស់ក្នុងចិត្តថា ពួកគេប្រាកដជាមាននូវអ្វីដែលពូកែ និងអ្វីដែលពិបាកសម្រាប់ពួកគេដែរ។

អ្វីដែលសំខាន់នោះក្នុងការស្វែងយល់ពីការឲ្យតម្លៃខ្លួនឯងនោះ គឺសំដៅទៅលើការមើលឃើញខ្លួនឯងក្នុងផ្លូវវិជ្ជមាន និងក្នុងតថភាព ពោលគឺអ្វីដែលជាការពិត។ ដូច្នេះប្រសិនបើអ្នកដឹងថា អ្នកពិតជាពូកែខាងកីឡាបាល់ទាត់ ប៉ុន្តែអ្នកមិនសូវពូកែគូររូប យ៉ាងនេះអ្នកក៏នៅតែអាចមានការឲ្យតម្លៃខ្លួនឯងខ្ពស់ដែរ។

ចរិតលក្ខណៈនៃការឲ្យតម្លៃខ្លួនឯងដោយភាពវិជ្ជមានមានរួមបញ្ជូល៖

  • មានអារម្មណ៍ថាមានសមត្ថភាព
  • ទទួលយក និងឆ្លើយតបនៅនឹងការឲ្យមតិកែតម្រូវពីអ្នកដ៏ទៃ
  • ទទួលយក និង រៀនពីកំហុសខ្លួនឯង
  • មានភាពម្ចាស់ការនៅពេលទទួលយកជំនួយ នៅពេលណាដែលមានស្ម័គ្រចិត្តជួយ ព្រមទាំង
  • មានអារម្មណ៍សប្បាយចិត្តចំពោះខ្លួនឯង

ការឲ្យតម្លៃលើខ្លួនឯងមានសារៈសំខាន់ព្រោះ៖

គ្រប់កុមារទាំងអស់សុទ្ធតែមាននូវការឲ្យតម្លៃខ្លួនឯង ដូច្នេះហើយការឲ្យតម្លៃខ្លួនឯងក្នុងផ្លូវវិជ្ជមាន និង ល្អប្រសើរ គឺពិតជាមានសារៈសំខាន់ណាស់។ វាអាចជួយអ្នកឲ្យចេះទប់អារម្មណ៍របស់អ្នកខ្ពស់ និង ផ្តល់នូវមោទនភាពចំពោះខ្លួនឯង និងអ្វីដែលអ្នកអាចធ្វើបាន ទោះបីជាស្ថិតក្នុងកាលៈទេសៈដែលមិនល្អក៏ដោយ។

ការឲ្យតម្លៃខ្លួនឯង ផ្តល់ឲ្យអ្នកនូវកម្លាំងចិត្តក្នុងការសាកល្បងអ្វីដែលថ្មីៗ ព្រមទាំងផ្តល់នូវថាមពលនៃជំនឿទុកចិត្តខ្លួនឯងផងដែរ។ វាធ្វើឲ្យអ្នកចេះគោរពខ្លួនឯង ទោះបីជាអ្នកធ្វើកំហុសណាមួយក៏ដោយ។ នៅពេលដែលអ្នកគោរពខ្លួនឯង នោះមនុស្សចាស់ និងក្មេងដ៏ទៃទៀតក៏គោរពអ្នកដែរ។

ការឲ្យតម្លៃវិជ្ជមានទៅលើខ្លួនឯង អាចជួយអ្នកអាចចេះសម្រេចចិត្តដែលត្រឹមត្រូវទៅលើចិត្ត និងកាយរបស់អ្នក។ ប្រសិនបើអ្នកគិតថា អ្នកមានសារៈសំខាន់ នោះអ្នកនឹងមិនចេះតែធ្វើតាមគំនិតគេនោះទេ ប្រសិនបើមិត្តរបស់អ្នកកំពុងធ្វើអ្វីដែលខុស ឬមានគ្រោះថ្នាក់ជាដើម។ ប្រសិនបើអ្នកឲ្យតម្លៃវិជ្ជមានលើខ្លួនឯង នោះអ្នកនឹងមានសមត្ថភាពដឹងជាក់ថា អ្នកឆ្លាតវៃក្នុងការធ្វើការសម្រេចចិត្តដោយខ្លួនឯង។ អ្នកឲ្យតម្លៃទៅលើសុវត្ថិភាពផ្ទាល់ខ្លួនរបស់អ្នក អារម្មណ៍ខ្លួនឯង សុខភាពខ្លួនឯង គឺខ្លួនឯងទាំងមូល! ការឲ្យតម្លៃខ្លួនឯងជាវិជ្ជមាន ជួយអ្នកឲ្យដឹងថាគ្រប់ផ្នែករបស់អ្នក គឺសក្តិសមនឹងការយកចិត្តទុកដាក់ និងការពារ។

ការឲ្យតម្លៃខ្លួនឯង អាចរីកចម្រើនបាន នៅពេលដែលអ្នកចាប់ផ្តើមធ្វើអ្វីដែលអ្នកធ្លាប់គិតថា វាពិបាកពេកសម្រាប់ខ្លួនឯង ហើយក៏អាចធ្វើបាន ឬនៅពេលឳពុកម្តាយ សាច់ញាតិ ឬមនុស្សធំលើកទឹកចិត្តអ្នក អត់ធ្មត់ និងជួយអ្នកឲ្យត្រលប់មកធ្វើការនោះវិញ។ នៅពេលដែលអ្នកចាប់ផ្តើមធ្វើបានល្អហើយនោះ នោះការឲ្យតម្លៃខ្លួនឯងនឹងផ្ទុះចេញមក! នេះជាវិធីមួយចំនួនដែលអ្នកអាចសាកល្បងដើម្បីបង្កើននូវការឲ្យតម្លៃខ្លួនឯងបាន៖

បង្កើតទំនាក់ទំនងល្អជាមួយមិត្តភក្តិ ក្រុមគ្រួសារ និងចាស់ទុំនៅក្នុងសាលា និងក្នុងសហគមន៍។

សរសេរនូវអ្វីដែលអ្នកបានធ្វើដោយភាពជោគជ័យ។ វាអាចជាការគូររូប ឬការច្រៀង លេងកីឡា ឬ និយាយកំប្លែងជាដើម។ ប្រសិនបើអ្នកមានបញ្ហាជាមួយការសរសេរនេះ សូមសុំគ្រូ ឬមិត្តភក្តិឲ្យជួយធ្វើវា។ បន្ទាប់មកអ្នកបន្ថែមនូវចំនុចមួយចំនួនដែលអ្នកចង់ធ្វើឲ្យបានជោគជ័យចូលផងដែរ។

សរសើរខ្លួនឯងឲ្យបានបីដងក្នុងមួយថ្ងៃ។ សូមកុំគ្រាន់តែនិយាយថា “ខ្ញុំពិតជាអស្ចារ្យមែន” នោះឡើយ។ សូមនិយាយឲ្យបានច្បាស់ជាងនេះទៀត ដូចជាថា “ថ្ងៃនេះខ្ញុំបានធ្វើជាមិត្តល្អដល់ជីល” ឬក៏ “ខ្ញុំប្រលងបានល្អជាងដែលខ្ញុំបានគិតទុកទៅទៀត”។ សូមសរសើរខ្លួនឯងពីរឿងនេះនៅពេលវាទើបតែកើតឡើងភ្លាមៗ និង មុនពេលចូលគេងរាល់យប់ ហើយសរសេរចូលនូវរឿងបីយ៉ាងដេលធ្វើឲ្យអ្នកសប្បាយចិត្ត និងធ្វើដឹងគុណពីរឿងនោះ។

សូមចាំថា រូបកាយរបស់អ្នកគឺជាកម្មសិទ្ធិរបស់អ្នក មិនថាមានលក្ខណៈ ឬពណ៌សម្បុរយ៉ាងណាឡើយ។ ប្រសិនបើអ្នកខ្វល់ខ្វាយពីទម្ងន់ ឬ ទំហំកាយរបស់អ្នកនោះ អ្នកអាចទៅជួបជាមួយគ្រូពេទ្យដើម្បីឲ្យប្រាកដថាអ្នកមានសុខភាពល្អ។ សូមរំលឹកខ្លួនឯងពីអ្វីដែលធ្វើឲ្យអ្នកល្អប្រសើរដូចជា “ជើងរបស់ខ្ញុំមាំមួន ហើយខ្ញុំអាចរត់បានលឿនទៀត”។

សូមចាំថា ផ្នែកខ្លះដែលជារបស់អ្នក អ្នកមិនអាចផ្លាស់ប្តូរបានទេ។ ដូច្នេះអ្នកគួរតែទទួលយក និងស្រលាញ់ផ្នែកទាំងនេះ ដូចជាសម្បុរស្បែករបស់អ្នក និងទំហំស្បែកជើងរបស់អ្នក ព្រោះថាទាំងនេះជាផ្នែករបស់អ្នក។

នៅពេលអ្នកលឺនូវគំនិតអវិជ្ជមានក្នុងចិត្តរបស់អ្នក សូមប្រាប់ខ្លួនឯងឲ្យឈប់គិតពីវាទៀត។ សូមរំលឹកខ្លួនឯងនូវអ្វីដែលល្អៗអំពីខ្លួនឯង ហើយប្រសិនបើអ្នកមិនដឹងថាត្រូវធ្វើយ៉ាងម៉េចទេនោះ សូមសុំឲ្យអ្នកណាម្នាក់ជួយ! អ្នកក៏អាចរៀនជំនាញផ្សេងៗទៀតបាន (ឧទាហរណ៍ដូចជា រាំ ឬគូររូបជាដើម) ធ្វើដូច្នេះអ្នកនឹងមានអារម្មណ៍ល្អវិញ។

ការផ្តោតទៅលើអ្វីៗដែលល្អដែលអ្នកធ្វើ និងភាពខ្លាំងរបស់ខ្លួនឯង អ្នកនឹងចេះស្រឡាញ់ និងទទួលយកខ្លួនឯង ដែលទាំងនេះឯងជាគ្រឿងបន្សំដ៏ខ្លាំងសម្រាប់ការឲ្យតម្លៃខ្លួនឯង! ទោះបីជាអ្នកនៅមានកន្លែងសេសសល់សម្រាប់ដាក់ការអភិវឌ្ឍខ្លួនឯង (ចុះអ្នកណាដែលគ្មាននោះ?) ក៏ដោយ ការដែលស្គាល់នូវអ្វីដែលអ្នកពូកែ និង ស្គាល់ថាអ្នកជាមនុស្សមានតម្លៃ និងជាមនុស្សពិសេសសម្រាប់មនុស្សដែលយកចិត្តទុកដាក់នឹងអ្នក ពិតជាអាចជួយអ្នកឲ្យបន្តការលូតលាស់ទៅមុខបានទៀត។

ផ្នែកនៃការលូតលាស់ទៅមុខ គឺសំដៅទៅលើសមត្ថភាព និង ការទទួលយក និងការធ្វើការកែតម្រូវភាពកំសោយរបស់ខ្លួនឯង ដែលទាំងអស់នេះឯង ពោលដោយខ្លីគឺហៅថា ការឲ្យតម្លៃខ្លួនឯង!

បញ្ចេញមតិ

សេរីភាព​យុវតី​ខ្មែរ

សេរីភាព​ហៀរកែង​កំពុង​ឆ្លុះ​បញ្ចាំង​ បង្អាប់​មុខមាត់​ប្រទេសជាតិ ពេលគេ​ក្រឡេក​មើល​យុវវ័យ​ជាសិស្ស​សាលា​ប្រព្រឹត្ដិខ្លួន​មិន​ថ្លៃថ្នូរ​  ហក់លោត​ទៅតាម​ជំនោរ​ដែល​កំពុងតែ​បក់បោក ដែលជា​ឥទ្ធិពល​បន្ទាប់​បន្សំ​នៃការ​រីកចម្រើន​របស់​ប្រទេសជាតិ។ វប្បធម៌ ដែល​ពួកគេ​កំពុង​ទទួល​យក បាន​រួម​ចំណែក​ធ្វើឱ្យ​ប្រទេសជាតិ​ប្រែប្រួល​ហួសពី​ ការស្មាន ហើយក៏​បាននិង​កំពុង​ជីក​រណ្ដៅ​កប់​ខ្លួនឯង​ដែរ ជាពិសេស​ចំពោះ​ក្មេងស្រី។

ការ​ធ្វេស​ប្រហែស​នៃការ​អប់រំ

មិន​ត្រឹមតែ​ក្មេង​ដែលមាន​ការ​អភិវឌ្ឍន៍​ខួរក្បាល​នោះទេ សូម្បី​តែ​អស់លោក​ជា​ឪពុក​ម្ដាយ​ក៏ពួកគាត់​មានការ​រីកចម្រើន​ក្នុងការ​ រួមចំណែក​ផ្ដល់​សិទ្ធិ​សេរីភាព​ហួសហេតុ​ដល់​ពួកគេ តាម​រយៈការ​ពុំយក​ចិត្ដទុក​ដាក់​គិតគូរ​អំពី​ផលវិបាក​នៃការ​បង្កើន​ទម្លាប់​ មិនល្អ ជាពិសេស​សម្រាប់​ពួកក្មេង​សិស្ស​សាលា​ស្រីៗ​នេះ។ គ្រូបង្រៀន​ក៏មិន​គួរឱ្យ​បន្ទោស​បាននោះ​ទេ អំពី​បញ្ហា​នេះ។ ហើយ​សាលារៀន​ក៏គួរតែ​បានការ​ស្ដីបន្ទោស​នៅក្រោយ​ឪពុក​ម្ដាយ​របស់​សិស្ស​ ទាំងឡាយ​ផងដែរ។

ឯស្ថានីយ​ទូរទស្សន៍​ទាំងឡាយ​ដែល​បង្ហាញ​កង្វល់​របស់ខ្លួន​ដូចគ្មាន​កោត​ នរណា ព្រោះ​ពួកគេគិតតែ​ផល​ប្រយោជន៍ ដែល​ត្រូវបាន​ពីការ​ធ្វើយ៉ាង​ណា​ប្រើប្រាស់​ស្ដ្រីក្មេងៗ​ស្រស់ៗ​ ជាសិល្បការិនី អ្នក​ចម្រៀង របាំ ឱ្យ​បញ្ចេញ​សាច់ភ្លៅ ចំហ​ទ្រូង ទាំងលេច​គល់សុដន់ផង ដើម្បី​ប្រាថ្នាអន្ទង​យុវជន​ទាំងឡាយ​ឱ្យ​ងប់ងល់​មើលការ​ផ្សាយ​របស់ខ្លួន។

មិនតែ​ប៉ុណ្ណោះ​កម្មវិធី​នៃរបស់​ដែល​ហៅថា​  របាំ​សម័យ​ក៏ត្រូវ​គេបំភ្លៃ​ឱ្យឃើញ​ជាឆាក​គួរ​ញាក់សាច់​ព្រឺរោម ទាំងការ​ហក់លោត ដើម្បី​បញ្ឆោត​ភ្នែក និង​អារម្មណ៍​របស់​ក្មេងៗ​ទាំងប្រុស​ទាំងស្រី។ គេដូច​ជាមិន​ខ្ចីគិត​ដល់​ទាល់តែ​សោះថា ការធ្វើ​បែបនេះ​គឺជា ការ​រួមចំណែក​បង្កើត​អារម្មណ៍​ភ្លើតភ្លើន​របស់​ក្មេងៗ​ទាំងនោះ។ ហើយ​លើសពីនេះ​ទៅទៀត វាក៏ជា​ធាតុផ្សំ​នៃការ​សណ្ដំ​ចិត្ដក្មេង​ខ្មែរ ប្រុសស្រី​ឱ្យស្រមៃ​តែរឿង​រាំ ច្រៀង​ហក់លោត និង​សប្បាយ​លែង​ខ្វល់ខ្វាយ​នឹង​ករណីយ​កិច្ចសិក្សា​ទាន់នៅ​ក្មេង។

របាំ​អប្សរា​ហក់លោត ឃើញគេ​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​ខ្លះ ដែល​ឃើញមាន​ការ​ចោមមើល​របស់​ក្មេងៗ​តាំងពី​តូចៗ។ នេះជា​ការ​បង្កើត​ទម្លាប់​មួយដែល​ធ្វើឱ្យ​ក្មេង​លែងចង់​គិត និង​រៀន​អ្វីសម្រាប់​ជីវិត​ថ្ងៃក្រោយ​របស់ខ្លួន​ទេ។ បែបនេះ តើអាច​ឱ្យហៅថា​ជាការ​ជួយអ្វី​ដល់​ប្រទេសជាតិ​ឬទេ? បើក្មេងៗ​ត្រូវបាន​ការផ្សាយ​អូសទាញ​ឱ្យធ្លាក់​ចូលជាប់​ផុងក្នុង​វប្បធម៌​ លែងគិត​ការរៀន​សូត្រនោះ?

សូម​ចូលរួម​ដើម្បី​យើង​ទាំងអស់​គ្នា

ការ​ផ្សព្វផ្សាយ​របស់​ទូរទស្សន៍​ខ្លះពិតជា​បានទាក់​ទាញ​អារម្មណ៍​យុវវ័យ​ ឱ្យ​រីករាយ​ទទួល​យកនូវ​អ្វីដែល​គេបាន​ផ្សព្វផ្សាយ​នោះ​មែន។ ប៉ុន្ដែ​ផលវិបាក​ដែលបង្ក​ឡើង​ដោយការ​ផ្សព្វផ្សាយ​អំពី​សម្លៀក​បំពាក់​ខុស​ បែបបទ​ប្រពៃណី​ទំនៀម​ទម្លាប់​នោះ មិនគួរ​បើ​អនុញ្ញាត​ឱ្យផ្សាយ​ឡើយ។ ជាទូទៅ​គេមិន​ហាម​ប្រាម​ចំពោះ​ការស្លៀក​ពាក់​ខើចក្រោម​នោះទេ ប៉ុន្ដែ​សម្លៀក​បំពាក់បែបនេះ​មិនគួរ​បើត្រូវ​បានយក​ទៅឡង់​សេបន្ថែម​តាម​ កញ្ចក់​ទូរទស្សន៍​នោះ​ឡើយ។

សម័យ​នេះ​ពួកអ្នក​ឱកាស​និយម​ខ្លះត្រូវ​គេនាំ​គ្នា​ហៅថា ជាឱកាស​រកលុយ មានការ​ប្រកួតប្រជែង​គ្នាយ៉ាង​សេរី មិនមែន​បែបសេរី​ក្នុង​ក្របខ័ណ្ឌ​សីលធម៌​សង្គម​របស់​មនុស្ស​ខ្មែរទេ ប៉ុន្ដែ​ក្នុង​វប្បធម៌​សម្ភារៈ​និយម។ សូម្បីតែ​ទស្សនាវដ្ដី​ក៏ដណ្ដើម​ជើងគ្នា​បង្ហាញ រូបថត​បម្រើ​ក្មេងៗ ស្លៀកខើច​កំប៉ិតឡិត​ចេញគល់​សុដន់ ដើមទ្រូង រន្ធផ្ចិត គល់ភ្លៅ ហើយ​រូបខ្លះ​មានទាំង​ឥរិយាបថ​ចំតិត​គូទ​ទៀតផង។

យ៉ាងហ្នឹងៗ​រឿងអ្វី​មិនឱ្យ​ក្មេងៗ​ដូចជា​សិស្សស្រីៗ​នាំគ្នា​ភ្លើតភ្លើន​ ដល់ភ្លេច​ខ្លួន ហ៊ាន​ស្លៀកសំពត់​ខើច លេចគល់​ភ្លៅ​ទៅអង្គុយ ក្នុងថ្នាក់​ឱ្យ​សិស្ស​ប្រុសៗម្នាក់ៗ​លួចដៀង​កន្ទុយ​ភ្នែក​ភ្លេចស្ដាប់​គ្រូ ភ្លេចការ​រៀនសូត្រ។ ដើម្បី​អនាគត​ល្អ​របស់​ប្រទេសជាតិ​គេត្រូវ​មាន កុមារ និង​ក្មេងៗ​ដែលបាន​ទទួល​ការ​អប់រំ​ចំណេះវិជ្ជា​ល្អ​ទាំង​ជាមួយ​សីលធម៌​ ត្រូវផ្លូវ​ឱ្យយល់​ស្គាល់នូវ​អ្វីជា​ក្របខ័ណ្ឌ​ថ្លៃថ្នូរ​ជា​ចាំបាច់។

កម្ពុជា​មាន​អត្ដសញ្ញាណ​មួយ​ជាខ្មែរ​ប្រកាន់​ទំនៀម​ទម្លាប់​ប្រពៃណីខ្មែរ ​របស់ខ្លួន ដូចតែ​ប្រទេស​នានាមាន​អត្ដសញ្ញាណ​របស់គេ តាម​ទំនៀម​ទម្លាប់​ប្រពៃណី​របស់គេ​នោះដែរ។ ទាំងនេះ​ត្រូវតែ​គ្រប់គ្នា​ជួយ​រដ្ឋាភិបាល ដើម្បី​រួមគ្នា​ជំរុញ​ប្រទេសជាតិ​ឱ្យវិវឌ្ឍន៍​តាមផ្លូវ ត្រឹមត្រូវ។ ការ​លូតលាស់​សេដ្ឋកិច្ច​តែមួយ​មិន​គ្រប់គ្រាន់​ទេ។ គេ​ត្រូវតែ​មានការ​អភិវឌ្ឍន៍​ដួង​ព្រលឹង ជា​មនុស្ស​រស់នៅ​លើទឹក​ដីនឹង​គេ ដែរ។ ពិភព​លោក​ជាសម្បត្ដិ​រួមរបស់​មនុស្ស​លោក​គ្រប់​ជាតិសាសន៍ បូករួម​ទាំង​ទំនៀម​ទម្លាប់​ប្រពៃណី​ទៀតផង​ដែរ។

បណ្ដាំ​ផ្ញើ

បើខ្មែរ​មិនយល់ ហើយ​មិនព្រម​រៀន​យល់អំពី​អ្វីជា​ករណីយ​កិច្ច​របស់​ខ្លួន និងមិន​បំពេញ​កាតព្វកិច្ច​របស់ខ្លួន​ជា​ពលរដ្ឋ​របស់សង្គម​មួយ​នៅលើ​ទឹកដី​ ដែល​ធ្លាប់មាន​ប្រវត្ដិ​ជាទី​កំណើត​អរិយធម៌​រុងរឿង​កំពូល​មួយ​នៅលើ​ពិភពលោក​ នេះទេ នោះខ្មែរ​គ្រប់គ្នា​នឹង​រងការ​ស្ដីបន្ទោស​របស់​មនុស្ស​ជំនាន់​ក្រោយ។ ខ្មែរ​មិនមែន​ខ្សោយ​គ្មាន​សមត្ថភាព​នោះទេ ហើយនេះ​មិនខុស​ពីប្រសាសន៍​របស់​សម្ដេច នាយករដ្ឋ​មន្ដ្រី​កម្ពុជា ហ៊ុន សែន ដែលថា​ខ្មែរបាន​កសាង​មហាប្រាសាទ​អង្គរវត្ដ​ដោយ​ខ្លួនឯង មិន​ចាំបាច់​ពឹង​ជំនួយ​ពី​ប្រទេស​ណាឡើយ។ ប៉ុន្ដែ​ខ្មែរ​សម័យ​នេះត្រូវ​ភ្ញាក់​រលឹក​ស្រុះគ្នា និង​រួមគ្នា​តម្រង់​ផ្លូវ​សីលធម៌ ចាប់តាំង​ពីការ​ធ្វើឱ្យ​កូនខ្មែរ ជា​ពិសេស​សិស្ស​ស្រីៗ​កុំស្លៀក​ខ្លីខើច​លើខើច​ក្រោម​ចូល​សាលា។

បញ្ចេញមតិ

ទ្រព្យកើតឡើងដោយហេតុ ៣ យ៉ាង

ទ្រព្យកើតឡើងដោយហេតុ ៣ យ៉ាង

ព្រះមុនីកោសល ធន់ វ៉ាន់ រៀបរៀង

១- បដិរូបការី ជាអ្នកធ្វើការសមគួរដល់ការ
២- ធុរវា ជាអ្នកមិនដាក់ធុរៈចោល
៣- ឧដ្ឋកតា ជាអ្នកព្យាយាម ក្រោកធ្វើការ ។

អធិប្បាយ

ហេតុទី ១ : ត្រង់​ពាក្យ​ថា “ធ្វើ​ការ​សម​គួរ​ដល់​ការ” នោះ គឺ ធ្វើ ការ​ងារ​ឲ្យ​សមរម្យ​តាម​សមត្ថភាព​របស់​ខ្លួន ដែល​ល្មម​លៃលក​ធ្វើ​បាន មិន​ហួស​ពី​សមត្ថភាព​របស់​ខ្លួន ។ ឯ​ការ​ងារ​ដែល​ត្រូវ​ធ្វើ​នោះ មាន​៣ ថ្នាក់ គឺ ការ​ងារ​ថ្នាក់​ខ្ពស់ ថ្នាក់​កណ្ដាល ថ្នាក់​ទាប ។ ទាំង​មនុស្ស​ម្នាក់​ៗ​សោត​ទៀត ក៏​ត្រូវ​តែ​មាន​ឥទ្ធិ​បាទ​ធម៌​បួន​ប្រការ​នៅ​ក្នុង​ខ្លួន​គ្រប់​គ្នា ។ ឥទ្ធិបាទ​ធម៌ (ធម៌​ជា​ជើង​រឹទ្ធិ) ៤ ប្រការ​នោះ​គឺ

១- ឆន្ទៈ បំណង ២- វីរិយៈ ព្យាយាម ៣- ចិត្ត គំនិត ៤- វិមំសា ការពិចារណា ។

បើ​មនុស្ស​មាន​ឥទ្ធិបាទ​ធម៌​ខ្ពស់ ធ្វើ​ការ​ងារ​ក៏​បាន​ខ្ពស់​បាន​ប្រសើរ បើ​មាន​ធម៌​នោះ​យ៉ាង​កណ្ដាល ធ្វើ​ការ​ងារ​ក៏​បាន​យ៉ាង​កណ្ដាល បើ​មាន​ទាប ក៏​ធ្វើ​ការ​ងារ​បាន​ទាប​ដែរ ។ ធ្វើ​ការ​ងារ​ឲ្យ​សម​តាម​សមត្ថភាព សម​តាម​ឥទ្ធិបាទ​ធម៌​និង​សម​តាម​ថ្នាក់​របស់​ការ​ងារ ហៅ​ថា “ធ្វើ​ការ​សម​គួរ​ដល់​ការ” ឬ “សម​តាម​ទំនង​ការ” ដូច​ភា​សិត​ថា ដាំ​ជើង​ក្រាន ឲ្យ​ប្រមាណ​ឆ្នាំង ។

ផ្ទុយ​ទៅ​វិញ បើ​ធ្វើ​កា​រ​មិន​សម​គួរ​ដល់​ការ ឬ​មិន​ត្រូវ​តាម​ទំនង ឬ​ក៏​ហួស​សមត្ថភាព​ខ្លួន ដែល​ត្រូវ​នឹង​ភាសិត​ថា ដៃ​ខ្លី​ស្រ​វាឱប​ភ្នំ ការ​ងារ​នោះ មិន​សម្រេច​ប្រយោជន៍​ដល់​ខ្លួន​ទេ ។

ហេតុទី ២ : ត្រង់​ពាក្យ​ថា “មិន​ដាក់​ធុរៈ​ចោល” នោះ គឺ ការ​ងារ​ណា​ដែល​ប្រារព្ធ​ធ្វើ មិន​ត្រូវ​បោះបង់​ចោល​ទេ ត្រូវ​ប្រឹង​តស៊ូ ក្រាញ ននៀល ឈ្មុស​ឈ្មុល​រក​ឧបាយ រក​ច្រក ដើរ​ទៅ​មុខ​ជា​ដរាប ឲ្យ​ទាល់​តែ​ការ​ងារ​នោះ​សម្រេច​តាម​គោល​បំណង ។ ឯ​ការ​តស៊ូ​ចំពោះ​ការ​ងារ​ដែល​ធ្វើ​នោះ គួរ​យក​តម្រាប់​តាម​បែប​របស់​ឫស​ឈើ ។ ធម្មតា​ឫស​ឈើ តែ​ដុះ​ចាក់​តម្រង់​ទៅ​ទិស​ត្រង់​ណា​ហើយ មិន​ចេះ​រា​ថយ​ក្រោយ​​ទេ បើ​ទុក​ណា​ជា​វា​ដុះ​ចាក់​ទៅ​ត្រូវ​ប៉ះ និង​ដុំ​ថ្ម​ក្ដី ដុំ​ឥដ្ឋ​ក្ដី ក៏​វា​មិន​ព្រម​ថយ​ក្រោយ​ដែរ វាស៊ូ​ទ្រាំ​ក្រាញ​រួញ​ក្រញាញ់​ហើយ​វា​ពង្រីក​ខ្លួន​វា​ឲ្យ​ធំ ឲ្យ​រឹង​ប៉ឹង​ប្រឹង​ផ្សំ​កម្លាំង​ឲ្យ​បាន​ខ្លាំង យូរ​ៗ​ទៅ ក៏​អាច​រុញ​ធាក់​ច្រាន​ដុំ​ថ្ម- ដុំ​ឥដ្ឋ នោះ​ឲ្យ​របើក​ចេញ​បាន យ៉ាង​ណា​មិញ ការ​តស៊ូ​ចំពោះ​ការ​ងារ​ដែល​បាន​ធ្វើ មិន​បោះ​បង់​ចោល​ប្រឹង​តស៊ូ​ដរាប​ដល់​ការ​នោះបាន​សម្រេច​ប្រយោជន៍​ដល់​ខ្លួន ក៏​យ៉ាង​នោះ​ដែរ ដូច​ភាសិត​ថា បើ​មាន​ប្រាថ្នា​ត្រង់​ណា មុខ​ជា​មាន​ចន្លោះ​ត្រង់​នោះ​មិន​ខាន​ ។

ហេតុទី ៣ : ត្រង់​ពាក្យ​ថា “ជា​អ្នក​មាន​ព្យាយាម” នោះ គឺ​ក្រោក​ធ្វើការ ខំប្រឹង​ប្រែង ខ្មីឃ្មាត សង្វាត ឱហាត​ក្រោក​ឡើង​ធ្វើ​ការ​ផ្សេងៗ តទល់ អត់​ទ្រាំ​ឧបសគ្គ​គ្រប់​យ៉ាង មាន​ត្រជាក់ ក្ដៅ ជា​ដើម មិន​ខ្ជិល​ច្រអូស មិន​អាង​ហេតុ​ផ្សេង​ៗ មាន​ហេតុ​ថា “ព្រឹក​ណាស់ ហើយ​មិន​ប្រកប​ការ​ងារ” ជា​ដើម​នោះ​ឡើយ ដូច​ភាសិត​ថា “បើ​ចង់​ចេះ ឲ្យ​សម្លាប់​អាចារ្យ” អាចារ​ក្នុង​ទី​នេះ “គឺ​អាចារៈ” សំ​ដៅ​យក​មារ​យាទ​ថោក​ទាប មារ​យាទ​ខ្ជិល (កោ​សជ្ជៈ) ។ កោសជ្ជៈ គឺ​ការ​ខ្ជិល​ច្រអូស​នេះ បើ​មាន​នៅ​ក្នុង​សន្ដាន​អ្នក​ណា​ហើយ រមែង​ដឹក​នាំ​អ្នក​នោះ​ឲ្យ​ដើរ​ខុស​ផ្លូវ ដឹក​នាំ​ឲ្យ​ក្រ ឲ្យ​ល្ងង់​ខ្លៅ ឲ្យ​ថោក​ទាប ឲ្យ​វិនាស​អន្តរាយ​គ្រប់​យ៉ាង បាន​ជា​ភាសិត​បង្គាប់​ថា ឲ្យ​សម្លាប់​មារ​យាទ​អាក្រក់ គឺ​ឲ្យ​បោះ​បង់​ចោល បើ​មិន​ដូច្នោះ​ទេ រមែង​ទទួល​នូវ​វិបត្តិ​គ្រប់​យ៉ាង ដូច​រឿង​កុសិត​មាណព ។

សេចក្ដី​តំណាល មាន​មាណព​ម្នាក់​ឈ្មោះ កុសិតៈ ជា​កូន​សិស្ស​អាចារ្យ​ទិសា​បាមោក្ខ ។ ថ្ងៃ​មួយ ជា​ថ្ងៃ​សម្រាក​រៀន ពួក​កូន​សិស្ស​ទាំង​ឡាយ បាន​ចេញ​ពី​កន្លែង​រៀង​ខ្លួន នាំ​គ្នា​ចូលទៅ​ក្នុង​ព្រៃ​ដើម្បី​រក​កាច់​អុស តាម​ការ​បង្គាប់​របស់​លោក​គ្រូអាចារ្យ ។ លុះ​ចូល​ទៅ​ដល់​ព្រៃ​ហើយ កុសិត​មាណព អាង​ថា “នៅ​ពេល​ព្រឹក​ណាស់” ហើយ​មិន​ទាន់​រក​កាច់​អុស ក៏ដេក​នៅ​ក្រោម​ដើម​ថ្ងាន់​មួយ លុះ​ដេក​លក់​ហួស​ប្រមាណ ដរាប​ដល់​ថ្ងៃ​រសៀល​ទាប ទើប​ភ្ញាក់​ឡើង ក៏​ប្រញាប់​ប្រញាល់​ស្រវា​ឡើង​ដើម​ថ្ងាន់ ដើម្បី​កាច់​មែក​ថ្ងាន់​រស់​ធ្វើ​ជា​អុស ។ ឯ​មែក​ថ្ងាន់ ក៏​បាក់​ផ្ទាត់​មក​ត្រូវ​ចំ​ភ្នែក​មាណព ៗ ក៏​មាន​ភ្នែក​អន្ធការ ។ ឯ​អុស ក៏​មិន​បាន​ឈើ​ស្ងួត ដូច​ជា​អ្ន​ក​ឯ​ទៀត​ផង ភ្នែក​ក៏​ដល់​នូវ​អាការ​ប្លែក​ពី​ធម្មតា​ផង កូន​សិស្ស​ឯ​ទៀត​ជា​មិត្ត មាន​ការ​លំបាក​នឹង​ជួយ​គ្រា​កុសិត​មាណព​ឲ្យ​វិល​ត្រឡប់​ទៅ​ទីលំ​នៅ​វិញ​ផង លុះ​គ្រូអាចារ្យ​ដឹង​រឿង​នោះ​ហើយ ក៏​ស្ដី​បន្ទោស​ផង ។ នាំ​រឿង​ខ្លី​មក ស​ឲ្យ​ឃើញ​ថា​ ការ​ខ្ជិល​ច្រអូស (កោសជ្ជៈ) នេះ គេ​មិន​ត្រូវ​បណ្ដោយ​ទុក​ឲ្យ​នៅ​ក្នុង​សន្ដាន​ឡើយ ត្រូវ​តែ​លះបង់​ចោល​ឲ្យ​ស្រឡះ​ពី​សន្តាន ព្រោះ​វានាំ​ឲ្យ​ថោក​ទាប នាំ​ឲ្យ​ក្រី​ក្រ នាំ​ឲ្យ​សៅ​ហ្មង​គ្រប់​យ៉ាង ។ កាល​បើ​លះ​បង់​កោសជ្ជៈ​ចេញ​ហើយ ត្រូវ​ប្រឹង​ប្រែង​បំពេញ​កិច្ចការ​គ្រប់​យ៉ាង ត្រូវ​មាន​គំនិ​តខ្ពង់​ខ្ពស់ ត្រូវ​ពិចារណា​ឲ្យ​ស្គាល់​ហេតុ​ផល​គ្រប់​យ៉ាង ត្រូវ​ប្រព្រឹត្ត​ប្រយោជន៍ ២ យ៉ាង​ឲ្យ​កើត គឺ​ប្រយោជន៍​លោក​នេះ និង​ប្រយោជន៍​លោក​ខាង​មុខ ។

កាល​បើ​បាន​កាន់​ប្រព្រឹត្ត ដូច​រៀប​រាប់​មក​ខាង​លើ​នេះ​ហើយ ទ្រព្យ​សម្បត្តិ​គ្រប់​យ៉ាង រមែង​កើត​ឡើង​ដល់​ខ្លួន​មិន​ខាន ។

ន័យ​មួយ​ទៀត ទ្រព្យ​សម្បត្តិ មិន​មែន​កើត​ឡើង​ដល់​បុគ្គល ត្រឹម​តែ​ធ្វើ​ការ​សម​គួរ​ដល់​ការ មិន​ដាក់​ធុរៈចោល ព្យាយាម​មិន​បន្ធូរ​បន្ថយ ប៉ុណ្ណោះ​ទេ ត្រូវ​ប្រកប​ដោយ​បញ្ញា និង​ការ​ចង​មិត្រ​ថែម​ទៀត សម​ដូច​ភាសិត​លោក​សម្ដែង​ទុក​ថា

បញ្ញា ឧស្សាហ៍ ការចងមិត្រ      រកទ្រព្យគួរគិតឲ្យមានឡើង
គុណ ៣ ប្រការនេះនាំថ្កើង        ទ្រព្យចម្រើនឡើងជានិរន្តរ៍ ។

(ទស្សនាវដ្តី កម្ពុជសុរិយា ឆ្នាំ១៩៧៤)

បញ្ចេញមតិ

តាមដាន

Get every new post delivered to your Inbox.

Join 3,373 other followers

%d bloggers like this: